(ស្វាយរៀង)៖ នៅថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ កម្លាំងនគរបាលមូលដ្ឋានស្រុកស្វាយទាប ខេត្តស្វាយរៀង បានឃាត់ខ្លួនបុរសម្នាក់ ក្រោយលួចរត់ពន្ធមនុស្សឆ្លងពីរាជធានីភ្នំពេញ ដែលជាតំបន់បិទខ្ទប់ទៅកាន់ ខេត្តស្វាយរៀង។
យោងរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ដែលបណ្តាញព័ត៌មានផ្លូវការ Fresh News ទទួលបាននៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា នៅវេលាម៉ោង៥ទៀបភ្លឺថ្ងៃនេះ ជនសង្ស័យដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មានម្នាក់នៅស្រុករំដួល បានស្នើសុំសមត្ថកិច្ចយាមគោលដៅក្រោលគោ ស្រុកស្វាយជ្រុំ ព្រំប្រទល់ស្វាយរៀង-ព្រៃវែង ទៅបេសកកម្មនៅភ្នំពេញ (មានឯកសារគ្រប់គ្រាន់)។
របាយការណ៍បានបញ្ជាក់ទៀតថា ប៉ុន្តែពេលទៅដល់ភ្នំពេញ ជនសង្ស័យបានទៅលួចនាំយកពលករដែលទើបមកពីកូរ៉េ ២នាក់ (ចត្តាឡីស័ក១៤ ថ្ងៃរួច) មកស្រុកកំណើត (ម្នាក់នៅស្វាយទាប ម្នាក់នៅរមាសហែក) ដោយយកតម្លៃម្នាក់១០០ដុល្លារ និងម្នាក់ទៀត២៥០ដុល្លារ។
បើតាមសមត្ថកិច្ច នៅពេលមកដល់គោលដៅក្រោលគោស្រុកស្វាយជ្រុំ នៅវេលាម៉ោង ១រសៀលថ្ងៃនេះ សមត្ថកិច្ចក៏បានធ្វើការសួរនាំ និងឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ផ្ដន្ទាទោសតាមច្បាប់៕