(បន្ទាយមានជ័យ)៖ កម្លាំងនគរបាលការិយល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជូនមេខ្យល់ចំនួន២នាក់ ទៅកាន់តុលាការដើម្បីដាក់ទោសទៅច្បាប់ ក្នុងករណីនាំពលករខ្មែរចំនួន៧នាក់ លួចឆ្លងដែនទៅប្រទេសថៃ ដោយខុសច្បាប់។

បើតាមលោកវរសេនីយ៍ឯក បេន សំអាត អធិការនគរបាល ស្រុកម៉ាឡៃ បានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ម្នាក់ឈ្មោះ រ៉ម សួន ភេទប្រុស អាយុ៤៩ឆ្នាំ ជាអ្នកបើករថយន្តម៉ាកនីសាន់មួយបាំងកន្លះ ពណ៌ក្រហម ពាក់ស្លាកលេខ ក.៦០៧៦ ភ្នំពេញ២ មានទ្រុងដែក និងម្នាក់ទៀតឈ្មោះ អ៊ូច សុជា ភេទប្រុស អាយុ៤២ឆ្នាំ ជាអ្នករួមដំណើរ។ អ្នកទាំង២ រស់នៅភូមិអូរស្ងាត់ ឃុំត្រពាំងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោក បេន សំអាត បានបញ្ជាក់ថា មុនពេលកើតហេតុនោះមេខ្យល់ទាំង២នាក់ បានធ្វើសកម្មភាពដឹកពលករខ្មែរប្រុស ស្រី ចំនួន៧នាក់ រស់នៅភូមិបឹងឃ្លាំង ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បម្រុងនាំឆ្លងដែនទៅប្រទេសថៃ ដឹកមកដល់ចំណុចព្រំដែនស្រុកម៉ាឡៃ ត្រូវបានកម្លាំងនគរបាលស្រុកម៉ាឡៃ សហការជាមួយកម្លាំងកងរាជអាវុធហត្ថស្រុកម៉ាឡៃ ធ្វើការឃាត់រថយន្តនៅវេលាម៉ោងម៉ោង១អាធ្រាត្រចូលថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១ ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្ម ស្ថិតក្នុងភូមិអូរសំព័រ ឃុំអូរសំព័រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ រួចនាំខ្លួនទៅធ្វើការសួរនាំនៅអធិការដ្ឋាន ទាំងអ្នកបើករថយន្ត និងពលករប្រុសស្រីទាំង៧នាក់ផងដែរ។

លោកវរសេនីយ៍ឯក បេន សំអាត បានបន្តថា យោងតាមការបំភ្លឺរបស់ពលករទាំង៧នាក់ បាននិយាយថា ពួកខ្លួនបានទំនាក់ទំនងជាមួយមេខ្យល់ ដើម្បីនាំពលករទាំង៧នាក់ ចេញទៅធ្វើការនៅប្រទេសថៃ បន្ទាប់មកក៏មានរថយន្តនីសាន់មួយបាំងកន្លះពណ៌ក្រហម មានទ្រុងដែក បើកដោយឈ្មោះ រ៉ម សួន បានមកដឹកពួកខ្លួនពីស្រុកមង្គលបូរី ទៅកាន់ស្រុកសំពៅលូន ខេត្តបាត់ដំបង ក្នុងម្នាក់គេយកតម្លៃ ៥០,០០០រៀល ពេលមកដល់ត្រង់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្មត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំ។

ចំណែកឈ្មោះ រ៉ម សួន បានបញ្ជាក់ថា ខ្លួនពិតជាដឹកពលករខ្មែរប្រុស ស្រីទាំង៧នាក់ ពីស្រុកមង្គលបូរី ទៅកាន់ចំណុចផែស្ងួតរបស់លោកស្រី សុបិន្តពិតប្រាកដមែន ដោយយកតម្លៃម្នាក់ ៥០,០០០រៀល ពេលមកដល់ចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវកងវិស្វកម្មត្រូវបានសមត្ថកិច្ចឃាត់យកមកសួរនាំតែម្តង។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា ឈ្មោះ រ៉ម សួន អ្នកបើក និងឈ្មោះ អ៊ូច សុជា អ្នករួមដំណើរជាមនុស្សចូលចិត្តជក់ថ្នាំញៀន។

ផ្អែកលើចម្លើយបំភ្លឺរបស់ពលករទាំង៧នាក់ និងមចម្លើយសារភាពរបស់ជន សង្ស័យសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជូនមេខ្យល់ទាំង២នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនីតិវិធី៕