(កំពង់ឆ្នាំង)៖ បុរសមានវិជ្ជមានកូវី១៩ម្នាក់ បានធ្វើដំណើរមកពីរាជភ្នំពេញ ចូលមកស្រុកកំណើតត្រូវបានប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ច ហើយត្រូវបានសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដឹកបញ្ជូនយកមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង កាលពីល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១។

លោកវរសេនីយ៍ឯក នន ស៉ីណាត អធិការនគរបាលស្រុកកំពង់ត្រឡាច បានប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ នេះឲ្យដឹងថា អ្នកដែលមានវិជ្ជមានកូវីត១៩ នេះ មានឈ្មោះ អ៊ុន មុន្នីរតនៈ អាយុ៣១ឆ្នាំ មានទីនៅផ្ទះលេខ 2Eo ផ្លូវលេខ៥៩២ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីយកសំណាកទៅធ្វើតេស្តរួចហើយ ដោយសង្ស័យថា មានវិជ្ជមានកូវីដ១៩ រូបគេក៏បានធ្វើដំណើរដោយថ្មើរជើង ចេញពីភ្នំពេញរយៈពេលមួយយប់ មួយថ្ងៃ។ លុះធ្វើដំណើរមកដល់ផ្សារត្រាច ក៏បានហៅ ផាសអាប់ ជិះបន្តមកភូមិកំណើតរបស់គេ គឺភូមិស្នាពេជ្រ ឃុំឈូកស ស្រុកកំពង់ត្រឡាច។

លោកវរសេនីយ៍ឯកបានបន្តឲ្យដឹងទៀតថា បន្ទាប់ពីផាសអាប់ ដឹកបុគ្គលខាងលើមកដល់ក្នុងភូមិស្នាពេជ្រ ភ្លាមខណៈនោះឈ្មោះ កង ទិត្យ ដែលត្រូវជាបងប្អូនមិនឱ្យឈ្មោះ អ៊ុន មុនីរតនៈ ដែលមានវិជ្ជមានកូវីដ១៩ ខាងលើនេះ ចូលផ្ទះរបស់គាត់ឡើយដោយឲ្យឈរនៅខាងក្រៅផ្ទះសិន ហើយរូបគាត់ (កង ទិត្យ) ក៏បានទូរស័ព្ទរាយការណ៍ជូនសមត្ថកិច្ចភ្លាមៗដែរ។

មូលហេតុព្រោះឈ្មោះ កង ទិត្យ នេះបានដឹងព័ត៌មានពីឪពុករបស់ឈ្មោះ អ៊ុន មុន្នីរតនៈ ដែរនៅឯភ្នំពេញ បានទូរស័ព្ទមកប្រាប់គាត់ថា ឈ្មោះ អ៊ុន មុនីរតនៈ បានធ្វើដំណើរចេញពីភ្នំពេញទៅស្រុកកំណើតហើយ និងមានការសង្ស័យថាឈ្មោះនេះមានវិជ្ជមានកូវីដ១៩ ដូច្នេះបើឃើញឈ្មោះនេះទៅត្រូវប្រយ័ត្ន និងរាយការណ៍ជូនសមត្ថកិច្ចជាបន្ទាន់ ដើម្បីឱ្យសមត្ថកិច្ចយកគេទៅដាក់ធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវផង។ មុននឹងត្រូវបានដឹកទៅព្យាបាល បុរសខាងលើត្រូវបានយកទៅដាក់នៅមណ្ឌលចត្តាឡីស័ក នៅស្រុកកំពង់ត្រឡាចសិន។

ដោយឡែកលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង ក៏បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១នេះ ផងដែរថា បុគ្គលដែលមានវិជ្ជមាន កូវីដ១៩ខាងនេះ បន្ទាប់ពីក្រុមការងារសុខាភិបាល នៅស្រុកកំពង់ត្រឡាច យកមកដាក់ធ្វើចត្តាឡីស័ក ក៏បានស្រាវជ្រាវព័ត៌មានទាក់ទងទៅនឹងបុគ្គលខាងលើនេះ និងបានរកឃើញថា ឈ្មោះនេះពិតជាមានវិជ្ជមានកូវី១៩ នៅឯភ្នំពេញពិតប្រាកដមែន។ លោកបន្តថា ដោយសារនៅមន្ទីរពេទ្យឯភ្នំពេញមានអ្នកជំងឺច្រើន ដូច្នេះលោកបានទុកអ្នកជំងឺម្នាក់ព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តតែម្ដង។

លោកវេជ្ជបណ្ឌិតក៏បានសុំអំពាវនាវដល់អ្នករត់ផាសអាប់ ដែលបានដឹកបុគ្គលវិជ្ជមានខាងលើនេះមេត្តាមកសហការជាមួយសមត្ថកិច្ច និងក្រុមគ្រូពេទ្យ ដើម្បីធ្វើចត្តាឡីស័ក និងយកសំណាកទៅវិភាគរកមេរោគកូវីត១៩ ចៀសវាងការឆ្លងរីករាលដាលដល់ក្រុមគ្រួសាររបស់ខ្លួន ក៏ដូចជាក្នុងសហគមន៍រ៕