(សៀមរាប)៖ ថ្នាក់ដឹកនាំខេត្ត ដែលមានលោក ឃឹម ប៊ុនសុង អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងលោកស្រី, លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ព្រមទាំងមន្ត្រីរាជការ មកពីមន្ទីរ ស្ថាប័ន អង្គភាព អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ពិសេសមន្រ្តីរាជការ ដែលជាស្រ្តីៗ នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦នេះ បានអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរ ខួបលើកទី ១០៥ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០១៦ នៅសាលាខេត្តសៀមរាប ដែលទិវានាឆ្នាំនេះ ស្ថិតក្រោមប្រធានបទ «វិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព» ។
លោកអភិបាលខេត្ត បានមានប្រសាសន៍ នៅក្នុងពិធីនេះថា «នៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជានៅទូទាំងពិភពលោកដែរ ជារៀងរាល់ឆ្នាំ បានប្រារព្ធពិធីអបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ដើម្បីរំលឹកពីការតស៊ូរបស់ស្ដ្រី ការធ្វើឲ្យសម្រេចបាននូវសមភាព សមធម៌ និងការអភិវឌ្ឍន៍នៅក្នុងសង្គម ដើម្បីទទួលបាននូវការគោរពសិទ្ធិសេរីភាព និងការទទួលស្គាល់នូវតម្លៃនៃការចូលរួមដោយស្មើភាព ការអភិវឌ្ឍន៍គ្រួសារ និងប្រទេសជាតិ»។
លោកបន្ថែមថា ៖ ប្រធានបទឆ្នាំនេះ ពិតជាមានសារៈសំខាន់ណាស់ ដែលមានភាពស៊ីសង្វាក់ជាមួយនឹងក្របខណ្ឌអភិវឌ្ឍន៍ថ្មីជាសកលក្នុងគោលដៅ «អភិវឌ្ឍន៍ប្រកបដោយចីរភាព» ហើយបានឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងប្រសាសន៍របស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លៃងនៅក្នុងកិច្ចប្រជុំប្រមុខដឹកនាំពិភពលោក ស្ដីពី សមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្រ្ដី ដែលបានប្រារព្ធឡើងនៅទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ដែលមានការចូលរួមពីប្រមុខរដ្ឋ និងថ្នាក់ដឹកនាំពិភពលោកប្រមាណ ៨០រួប ហើយខ្លឹមសារ នៃកិច្ចប្រជុំនោះ ទាក់ទងទៅនឹងអាទិភាពគន្លឹះ សម្រាប់សមភាពយេនឌ័រ ។ ដូចជា ៖
ការបង្កើនវិនិយោគទៅលើសមភាពយេនឌ័រ, ការធានានូវការការពារសិទ្ធិរបស់ស្ដ្រី, ការពង្រឹងយន្ដការគណនេយ្យភាព សម្រាប់សមភាពយេនឌ័រ, ការបន្តលើកកម្ពស់ការចូលរួមរបស់ស្ដ្រី ក្នុងវិស័យសេដ្ឋកិច្ច និងបរិយាយប័ណ្ណហិរញ្ញវត្ថុសម្រាប់ស្ដី្រ, និងការធ្វើឲ្យសម្រេចនូវសមភាពយេនឌ័រ និងការលើកកម្ពស់ភាពអង់អាចរបស់ស្ដ្រី និងក្មេងស្រីទាំងអស់ ។
លោកបានគូសបញ្ជាក់ថា «សម្រាប់ខេត្តសៀមរាប យើងបាននិងកំពង់ចូលរួមក្នុងការលើកកម្ពស់សមភាពយេនឌ័រ ក្នុងនោះខេត្តបានជំរុញលើកទឹកចិត្ត ដល់អាជ្ញាធរមូលដ្ឋាន មន្ទីរ ស្ថាប័ន អង្គភាព និងដៃគូរអភិវឌ្ឍន៍នានា ឲ្យចូលរួមផ្សព្វផ្សាយ អប់រំ ពង្រីកនិងពង្រឹងសមត្ថភាព ចំណេះដឹងបន្ថែម ដើម្បីជំនៈនូវរាល់ឧបសគ្គទាំងឡាយ និងយកភាពឈ្នះលើបញ្ហាប្រឈម និងកែប្រែនូវផ្នត់គំនិតអវិជ្ជមានមួយចំនួន ហើយត្រូវផ្ដល់តម្លៃដល់ការអប់រំ និងបណ្ដុះបណ្ដាល វិជ្ជាជីវៈបន្ថែម សម្រាប់ក្មេងស្រី ស្រ្ដី គ្រួសារ និងសហគមន៍របស់ពួកគាត់ ដើម្បីចូលរួមសម្រេចឲ្យបាន នូវការវិនិយោគលើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាព នៅក្នុងខេត្ត ក៏ដូចជានៅព្រះរាជាណចក្រកម្ពុជា ផងដែរ» ៕