(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពត នាថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១ បានដឹកនាំមន្ត្រី អាជ្ញាធម៌ និងកម្លាំងពាក់ព័ន្ធ ចុះសួរសុខទុក្ខ និងនាំអំណោយថវិកាគ្រឿងឧបភោគបរិភោគ និងម៉ាស ឧបត្ថម្ភជូនដល់កងកម្លាំងឈរជើងត្រួតពិនិត្យការអនុវត្តសេចក្ដីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការចល័តធ្វើដំណើរឆ្លងខេត្ត របស់ប្រជាពលរដ្ឋ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាល ដោយជំងឺកូវីដ-១៩ នៅលើដងផ្លូវជាតិ ចំណុចគោលដៅសំខាន់ៗចំនួន៣ ក្នុងភូមិសាស្ត្រខេត្តកំពត។
គោលដៅទាំង៣រួមមាន៖
*ទី១៖ ចំណុចបង្គោលគីឡូម៉ែត្រលេខ៥៣ ផ្លូវជាតិលេខ៤១ ព្រំប្រទល់ក្នុងឃុំស្រែចែង ស្រុកជុំគីរី ជាមួយខេត្តតាកែវ។
*ទី២៖ ចំណុចអតីតសកលវិទ្យាល័យភូមិន្ទ តាកែវ-កំពត ផ្លូវជាតិលេខ៣ ក្នុងឃុំនារាយណ៍ ស្រុកឈូក ជាមួយស្រុកត្រាំកក់ ខេត្តតាកែវ។
និងទី៣៖ លើដងផ្លូវជាតិលេខ៣១ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៥ លេខ៦ ឃុំចំប៉ី ស្រុកអង្គរជ័យ ជាមួយខេត្តតាកែវ។
ក្នុងឱកាសនោះ លោក ជាវ តាយ បានកោតសរសើរ និងលើកទឹកចិត្ត ចំពោះអាជ្ញាធរមូលដ្ឋានកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលក្នុងរយៈពេលកន្លងមកតែងបានចូលរួមជាមួយរដ្ឋបាលខេត្ត ក្នុងការអនុវត្តវិធានការ បង្ការទប់ស្កាត់ជម្ងឺកូវីដ១៩ របស់រាជរដ្ឋាភិបាលក៏ដូចជាវិធានការ របស់ក្រសួងសុខាភិបាលនិងក្រសួងមហាផ្ទៃ ទទួលបានលទ្ធផលល្អប្រសើរ។
ជាពិសេសទៀតនោះ ក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលកម្ពុជាយើងកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងការរីករាលដាលជំងឺកូវីដ-១៩ ហើយបច្ចុប្បន្នប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន តែងមានការព្រួយបារម្ភ យកចិត្តទុកដាក់ខ្ពស់ និងមានការអំពាវនាវណែនាំ និងជំរុញដល់អាជ្ញាធររាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋយើងទាំងអស់គ្នា ឱ្យបង្កើនស្មារតី ចូលរួមយកចិត្តទុកដាក់អនុវត្តឱ្យបានសកម្មម៉ឺងម៉ាត់បំផុត តាមរយៈវិធានការសុខាភិបាលគឺ «៣ការពារ ៣កុំ» រួមនិងចំណាត់ការព្រមទាំងបទបញ្ជាផ្សេងៗ ក៏ដូចជាការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ដើម្បីយើងទាំងអស់ រួមគ្នាប្រយុទ្ ធនិងបង្ការទប់ស្កាត់ជំងឺដ៏កាចសាហាវនេះ កុំឱ្យឆ្លងរាលដាលបន្តទៀតដល់សហគមន៍។
លោក ជាវ តាយ ក៏បានផ្ដាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងឈរជើងប្រចាំការលើដងផ្លូវចំណុចគោលដៅទាំងអស់ ឱ្យបន្តខិតខំយកចិត្តទុកដាក់អនុវត្ត ឱ្យមានប្រសិទ្ធភាពថែមទៀត។ ពិសេសការចូលរួមអនុវត្តនូវបំរាមក៏ដូចជាសេចក្ដីសម្រេច និងបទបញ្ជាផ្សេងៗថ្មីៗ របស់ប្រមុខរាជរដ្ឋាភិបាល ដែលពាក់ព័ន្ធទៅនឹងការចល័តឆ្លងកាត់ ពីខេត្តមួយ ទៅខេត្តមួួយរបស់ប្រជាពលរដ្ឋឱ្យបានម៉ឺងម៉ាត់បំផុត។
បន្ថែមពីនេះ លោកអភិបាលខេត្ត បានបញ្ជាក់ថា តែការអនុវត្តទាំងនោះ ត្រូវមានភាពទន់ភ្លន់ និងអនុគ្រោះរាល់ការចេញចូល របស់ប្រជាពលរដ្ឋ ដែលមានធុរៈចាំបាច់បន្ទាន់ ឬរថយន្តសេវាដឹកជញ្ជូនទំនិញផ្សេងៗ ដើម្បីយើងរួមគ្នាបង្ការទប់ស្កាត់ជំងឺកូវីដ១៩នេះ កុំឱ្យមានការរីករាលដាលឆ្លងដល់ក្នុងសហគមន៍ នៅខេត្តកំពត ក៏ដូចជាការកសាងសេដ្ឋកិច្ចសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ឲ្យបានប្រសើរឡើងវិញផងដែរ។
ក្នុងដំណើរចុះសួរសុខទុក្ខ ក្នុងគោលដៅជាបន្តបន្ទាប់ខាងលើលោក ជាវ តាយ ក៏បានឧបត្ថម្ភអំណោយដល់កម្លាំងឈរជើងទាំងបីគោលដៅ ប្រមាណ១៣៦នាក់ ក្នុងម្នាក់ៗថវិកា ៥ម៉ឺនរៀល និងផ្ដល់ជូនគ្រឿងឧបភោគ បរិភោគ និងម៉ាស ក្នុងមួយគោលដៅ ទទួលបានទឹកសុទ្ធ ១០កេស មី១០កេស ទឹកផ្លែឈើ ៥កសេ និងម៉ាស ៥០០ម៉ាស ផងដែរ៕