(កណ្ដាល)៖ លោកគង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យមើលទីតាំងសមរម្យណាមួយធំទូលាយ មានបរិយាកាសមិនអាប់អួរ ដើម្បីងាយស្រួលក្នុងការរៀបចំទីតាំងសំរាប់រៀបចំឱ្យក្លាយជាផ្សារបោះដុំបន្លែ ជំនួសឱ្យផ្សារដើមគរនៅរាជធានីភ្នំពេញ។ ក៏ប៉ុន្តែ អាជ្ញាធរពុំទាន់កំណត់ទីតាំងសមរម្យណាមួយនៅឡើយទេ ព្រោះកំពុងសិក្សាលម្អិតជាមុនសិន
ស្ថិតនៅក្នុងដំណើរចុះពិនិត្យមើលទាំងយប់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១លោកគង់ សោភ័ណ្ឌ បានលើកឡើងថា ស្របតាមការស្នើសុំរបស់សាលារាជធានីភ្នំពេញ លោករួមជាមួយអភិបាលរងខេត្ត លោកឧត្តមសេនីយ៍មេបញ្ជាការកងកម្លាំងទាំងបីខេត្ត និងមន្រ្តីជំនាញពាក់ព័ន្ធបានចុះត្រួតពិនិត្យ ទីតាំងត្រៀមសម្រាប់ធ្វើជាផ្សារបោះដុំបន្លែបណ្តោះអាសន្ន ជំនួសឱ្យផ្សារដើមគរ ដែលថ្មីៗនេះអាជ្ញាធរសាលារាជធានី សម្រេចផ្អាករយៈពេល១៤ថ្ងៃ ក្រោយពីបានរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ លើអាជីវករ និងអ្នកពាក់ព័ន្ធផ្សេងទៀត។
គួរជម្រាបថា ក្រោយរកឃើញថា អាជីវករ និងកម្លាំងសន្តិសុខផ្សារដើមគរប្រមាណ១០០នាក់ ឆ្លងកូវីដ១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាយប់ថ្ងៃទី១៧ ខែមេសា បានចេញសេចក្តីជូនដំណឹងស្តីពីការផ្អាកដំណើរការជាបណ្ដោះអាសន្នមូលដ្ឋានផ្សារដើមគ និងផ្សារបន្លែ ស្ថិតនៅជុំវិញតំបន់ប្រជុំជនផ្សារដើមគ ក្នុងខណ្ឌទួលគោក និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ រយៈពេល ១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១។
ការផ្អាកបណ្ដោះអាសន្តនេះ គឺដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋដែលចេញ-ចូលផ្សារ បន្ទាប់មានអាជីវករ និងកម្លាំងសន្តិសុខផ្សារប្រមាណ ១០០នាក់ ឆ្លងកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ»។
លោកក៏បានអំពាវនាវដល់អ្នកដែលប៉ះពាល់អ្នកជំងឺ និងអ្នកដែលបានចូលផ្សារគិតចាប់ពីថ្ងៃទី៥ ខែមេសា ត្រូវរួសរាន់យកសំណាកទៅធ្វើតេស្ត និងអនុវត្តវិធានចត្តាឡីស័ក៕