(ភ្នំពេញ)៖ នៅព្រឹកថ្ងៃ១៨ ខែមេសា ឆ្នាំ២០២១នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារយកអំណោយបន្ទាន់របស់សម្ដេចតេជោ ហ៊ុន សេន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនប្រជាពលរដ្ឋចំនួន៨២៧គ្រួសារ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ តាមបន្ទប់ និងរាំងខ្ទប់ ក្នុងសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។
ក្នុងឱកាសនោះ ក្រុមការងារដឹកនាំដោយ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ តំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អមដំណើរដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ តំណាង លោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។
លោក នួន ផារ័ត្ន បានលើកឡើងថា អំណោយដ៏ថ្លៃថ្លាទាំងអស់នេះ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយក្នុងមួយគ្រួសារ ទទួលបានអង្ករ ២៥គីឡូ, មី១កេស, ត្រីខ២យួរ រួមទាំងថវិកា៣០០,០០០ រៀល ក្នុងមួយគ្រួសារផងដែរ។
លោកអភិបាលរងរាជធានីភ្នំពេញ បានបន្តទៀតថា សម្ដេចទាំងទ្វេ បានយកចិត្តទុកដាក់ណាស់ ចំពោះបងប្អូនប្រជាពលរដ្ឋកម្ពុជាទាំងមូល ជាពិសេសប្រជាពលរដ្ឋដែលកំពុងសម្រាកធ្វើចត្តាឡីស័កតាមផ្ទះ តាមបន្ទប់ក៏ដូចជាតាមមណ្ឌលផ្សេងៗ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំមានការព្រួយបារម្ភ សម្តេចតេជោ ដាច់ខាត មិនទុកឲ្យបងប្អូនប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់អាហារនោះទេ។
ទន្ទឹមនឹងនេះ លោកសូមឲ្យប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពុងធ្វើចត្តាឡីស័ក បន្តយកចិត្តទុកដាក់ធ្វើចត្តាឡីស័ក ឲ្យបានគ្រប់ចំនួនថ្ងៃ ដែលក្រសួងសុខាភិបាលបានកំណត់ ហើយស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ប្រមុខថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ នៅតែបន្តគិតគូនូវជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ កម្មករ កម្មការិនី ដែលកំពង់ធ្វើចត្តាឡីស័កផងដែរ៕