(ភ្នំពេញ)៖ ដើម្បីចូលរួមសម្រួលការលំបាករបស់ប្រជាពលរដ្ឋក្នុងកំឡុងដែលប្រទេសកម្ពុជាជួបប្រទះនូវជំងឺកូវីដ១៩ ជាពិសេសក្នុងពេលដែលរាជរដ្ឋាភិបាលបានសម្រេច បិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ លោកកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នារសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ ចុះចែកអំណោយអង្ករដល់សង្កាត់ទាំង១០ ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានបិទខ្ទប់។
ថ្លែងក្នុងឱកាសនោះលោកកិត្តិសង្គហបណ្ឌិត ទេព ងន បានលើកឡើងការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋទូទាំងក្រុងតាខ្មៅផងដែរ។
លោកកិត្តិសង្គហបណ្ឌិត ក៏ស្នើឲ្យអាជ្ញាធរគ្រប់ថ្នាក់បង្កើនការចុះអប់រំណែនាំប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ឱ្យគោរពតាមការណែនាំនានារបស់រាជរដ្ឋាភិបាល ពិសេសត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ និងវិធានការណ៍បិទចរាចរណ៍ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ដើម្បីឆាប់បាន បិទបញ្ចប់ព្រឹត្តការណ៍សហគមន៍ ២០កុម្ភៈ។ ជាពិសេសត្រូវបង្កើនការយកចិត្តទុកដាក់អំពីការចុះសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន លើកត្តាសុខភាព និងជីវភាព មិនត្រូវទុកឱ្យប្រជាពលរដ្ឋឈឺដោយមិនបានបញ្ជូនទៅព្យាបាល ឬអត់ឃ្លានស្លាប់ដោយសារអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់ក្រុង ខេត្ត ជាបន្ទាន់ ដើម្បីរួមគ្នាដោះស្រាយ។
អនុប្រធានទី២ព្រឹទ្ធសភាលោកបណ្ឌិត ទេព ងន បានបន្ថែមថា ក្នុងដំណាក់កាលនេះមានតែកិច្ចសហការ និងការចូលរួមរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទេ ទើបអាចឆ្លងផុតដំណាក់កាលដ៏លំបាកនេះ ពិសេសអាជ្ញាធរត្រូវអនុត្តការងាររបស់ខ្លួនដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ច្បាស់លាស់ ដើម្បីសុខមាលភាព និងសុវត្ថិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ត្រូវជំរុញឱ្យប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនដែលដល់វេនទទួលការចាក់វ៉ាក់សាំង ឲ្យបានទៅចាក់គ្រប់ៗគ្នា និងសូមឲ្យមានការ ជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខប្រជាពលរដ្ឋទូទាំងប្រទេស។
លោកបណ្ឌិត ក៏បានជូនពរអាជ្ញាធរគ្រប់លំដាប់ថ្នាក់សមាជិកក្រុមប្រឹក្សាសង្កាត់ និងប្រជាពលរដ្ឋទូទាំងក្រុងតាខ្មៅ សូមទទួលបានសុខសុវត្ថិភាព ក្នុងឱកាសបុណ្យ ចូលឆ្នាំថ្មីប្រពៃណីយជាតិ និងសូមមានសុខភាពល្អ ជៀសឆ្ងាយពីជំងឺទាំងពួង ពិសេសជំងឺកូវីដ១៩ផងដែរ៕