(ក្រចេះ)៖ ក្រុមចោប្រដាប់ដោយអាវុធមួយក្រុមមានគ្នា៣នាក់ ចូលប្លន់ផ្ទះអាជីវករទិញដំឡូង យកប្រាក់អស់ជាច្រើន នៅវេលាម៉ោង៧៖១០នាទីយប់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅចំនុចគីឡូលេខ១០៩ ឃុំពីរធ្នូ ស្រុកស្នួល ខេត្តក្រចេះ។
អាវុធហត្តស្រុកស្នួលបានឲ្យដឹងថា ករណីក្រុមចោលួចមានស្ថានទំងន់ទោស (ប្លន់) ជនសង្ស័យមានគ្នាចំនួន៣នាក់ ប្រដាប់ដោយអាវុធចំនួន២ដើម (វែង១ដើម និងខ្លី១ដើម) និងដែកត្បែង១ដើម ហើយជនសង្ស័យធ្វើសកម្មភាព យកកាំភ្លើងខ្លីភ្ជង់ម្ចាស់ផ្ទះសំឡុត ឲ្យយកសោរបើកទូរដែកយកប្រាក់អស់ចំនួន៩០លានរៀល និងទូរសព្ទ័ចំនួន២គ្រឿង ចិញ្ចៀន១វង់។
មន្ត្រីអាវុធហត្ថបានបញ្ជាក់ទៀតថា ក្រោយធ្វើសកម្មភាពរួច ក្រុមចោទាំងនោះបានចេញតាមក្រោយផ្ទះជនរងគ្រោះ ចូលព្រៃដំឡូងបាត់។ ចំណែកម្ចាស់ផ្ទះមានឈ្មោះ ណាំ គឹមហេន ភេទស្រីអាយុ៥៥ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ មុខរបរជាអ្នកទិញដំឡូង។
មន្ត្រីអាវុធហត្តបន្តទៀតថា បច្ចុប្បន្នកំលាំងអាវុធហត្ថ កំពុងស្រាវជ្រាវតាមដានដើម្បីចាប់មុខសញ្ញា។ ចំណែក លោក គង់គឹមនី អភិបាលស្រុកស្នួល បានបញ្ជាក់ឲ្យដឹងថា កំលាំងទាំងនគរបាលទាំងអាវុធ នៅបន្តស្រាវជ្រាវ ព្រោះភូមិសាស្រ្តនៅទីនោះពោពេញ ទៅដោយព្រៃដំឡូង ហើយក្រុមចោរត់ចោលព្រៃដំឡូង ដូចច្នេះកំលាំងនៅតែបន្ដរុករក៕