(សៀមរាប)៖ អំពើរឃាតកម្មបានកើតឡើងជាថ្មីមួយទៀត ដោយក្មេងស្រីអាយុ១១ឆ្នាំម្នាក់ ត្រូវបានយុវជនល្មោភកាមម្នាក់ រំលោភរួចសម្លាប់យ៉ាងសាហាវបំផុត។
ករណីនេះកើតឡើង នៅរសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ម្សិលមិញ ហើយករណីសម្លាប់ដ៏សាហាវនេះដែរ ត្រូវបានគេដឹងថា កើតឡើងនៅខេត្តសៀមរាប បន្ទាប់ពីឃាតកម្មដ៏សាហាវ អាករសម្លាប់ស្រ្ដីវ័យក្មេង នៅក្នុងបន្ទប់ផ្ទះសំណាក់ប្រាសាទកែវ នាកណ្ដាលក្រុងសៀមរាប នារាត្រីថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៦កន្លងទៅ ដែលបានធ្វើឲ្យកក្រើកតាមបណ្ដាញព័ត៌មាន និងសាធារណៈជនទូទៅនោះ។
សមត្ថកិច្ចបានបញ្ជាក់ថា ជនសង្ស័យក្នុងករណីរំលោភសម្លាប់ក្មេងស្រីនេះ ត្រូវបានចាប់ខ្លួនដោយមានឈ្មោះ សរ កុសល់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាសិស្សសាលា បច្ចុប្បន្នរស់នៅភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក ខេត្តសៀមរាប ខណៈកុមារីរងគ្រោះ មានឈ្មោះ ជន សុធីណា អាយុ ១១ឆ្នាំ ជាសិស្សសាលា ដែលមានស្រុកកំណើត នៅភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប បច្ចុប្បន្នស្នាក់នៅ ភូមិប្រយុទ្ធ ឃុំពួក ស្រុកពួក។
លោក វរៈសេនីយ៍ត្រី អ៊ូ សុផល នាយរងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ បានបញ្ជាក់ថា ឃាតកម្មនេះកើតហេតុនៅម៉ោងប្រមាណជា ១៥៖០០នាទី រសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នៅពេលដែលកុមរារីរូបនេះ បានចេញពីសាលារៀន នៅម៉ោងប្រមាណជា ១៤៖០០នាទី នារសៀលនេះ។ បន្ទាប់ពីការស្រាវជ្រាវ កម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ពីស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ សត ណាឌី និងលោក ថង សាគុណស្នងការរងទទួលផែន បានឈានទៅដល់ការឃាត់ខ្លួន ជនសង្ស័យបានម្នាក់ នៅម៉ោង ១៧៖៣០នាទី នាថ្ងៃដដែល។ សមត្ថកិច្ចនឹងបន្តសាកសួរជនសង្ស័យបន្ថែមទៀត នៅព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៦នេះ៕