Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

៣ថ្ងៃ រថយន្តចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ១៦៣បាវ និងមី ១១៣១កេស ជូនប្រជាពលរដ្ឋជាមួយតម្លៃទាបជាងទីផ្សារ

18-04-2021 07:25

(ភ្នំពេញ)៖ រយៈពេល៣ថ្ងៃ ពោលចាប់ពីថ្ងៃទី១៥-១៦-១៧ ខែមេសា ឆ្នាំ២០២១ រថយន្ដចល័តរបស់ក្រសួងពាណិជ្ជកម្ម លក់អង្ករបានសរុប ចំនួន១៦៣បាវ និងមីជាតិចំនួន១១៣១កេស ស្របពេលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការលក់ចល័តនេះ នៅបន្តរហូតដល់ស្ថានការណ៍ ត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ នៃស្ថានភាពកូវីដ-១៩។

លោក ប៉ែន សុវិជាតិ ក៏បានឲ្យដឹងផងដែរថា ក្រុមការងារក្រសួងពាណិជ្ជកម្ម បានចុះអង្កេតតាមដាន ស្ថិរភាពការផ្គត់ផ្គង់ និងទប់ស្កាត់ការឡើងថ្លៃទំនិញ តាមរយៈកិច្ចសហការ ជាមួយអាជ្ញាធរផ្សារ ដោយតាមដានជាប្រចាំ និងត្រៀមអន្តរាគមន៍ នៅពេលមានសភាពការណ៍ចាំបាច់។

សូមជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានចាប់ផ្ដើមលក់ អង្ករ និងមី ចល័តក្នុងរាជធានីភ្នំពេញ ដែលមានតម្លៃទាបជាងទីផ្សារ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ដោយកំណត់ ក្នុងមួយគ្រួសារ ទិញបានអង្ករមួយបាវ និងមីមួយកេស។

ក្រុមហ៊ុនហ្រ្គីនត្រេដ នៃក្រសួងពាណិជ្ជកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កុំព្រួយបារម្ភលើបញ្ហាខ្វះអង្ករ ខណៈដែលរាជរដ្ឋាភិបាល ដាក់ចេញវិធានការបិទខ្ទប់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕