(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ តំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានបន្ដចុះពិនិត្យតាមគោលដៅឈរជើងរបស់កងកម្លាំងមានសមត្ថកិច្ច និងពង្រឹងការអនុវត្តនូវបិទបញ្ជា ក៏ដូចជាវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់មិនឲ្យធ្វើដំណើរក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។
ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកងកម្លាំងដែលឈរជើងនៅតាមគោលដៅបិទខ្ទប់ ពិសេសគោលដៅជាប់ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ត្រូវពង្រឹងយកចិត្តទុកដាក់អនុវត្តឲ្យមានប្រសិទ្ធភាព នូវអ្វីដែលជាសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល។
នាយឧត្តមសេនីយ៍ បានសង្កត់ធ្ងន់ថា ការអនុវត្តដាច់ខាតត្រូវធ្វើឡើងដោយទន់ភ្លន់ ប៉ុន្ដែម៉ឺងម៉ាត់ ដោយមិនត្រូវប្រើប្រាស់ពាក្យសម្ដី ឬកាយវិការណាមួយមិនសមរម្យទៅលើប្រជាពលរដ្ឋនោះទេ។
ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ឆៃ ស៉ីណារិទ្ធ ក៏បានបន្ដដំណើរជាមួយលោកឧត្តមសេនីយ៍ឯក យឹម លាង និងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ចុះពិនិត្យគោលដៅក្នុងរាជធានីភ្នំពេញទាំងអស់ផងដែរ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន បានសេចក្ដីសម្រេចបិទខ្ទប់ការធ្វើដំណើរក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្ដកណ្ដាល រយៈពេល១៤ថ្ងៃ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩៕