(ភ្នំពេញ)៖ យោងតាម Facebook របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា សរសេរនៅព្រឹកថ្ងៃអាទិត្យនេះថា សម្តេចជាអ្នកចូលចិត្តលេងអុក, ដោយរវល់ខានលេងប្រមាណជាងមួយឆ្នាំ នៅល្ងាចថ្ងៃសុក្រ បន្ទាប់ពីប្រជុំគណៈរដ្ឋមន្រ្តី បំពេញការងារដែលនៅសល់ ឆ្លៀតលេងអុកជាមួយដៃគូរបស់សម្តេច។ សម្តេចបានសរសេរបញ្ជាក់ថា លេងអុកមានប្រយោជន៍ជាងលេងល្បែងស៊ីសង ទៅស៊ីផឹកស្រីញីក្រៅផ្ទះ ហើយបែកប្រាជ្ញា និងជួយអភិរក្សល្បែងអុកខ្មែរផងដែរ, ប៉ុន្តែកុំលេងលើសពី ២ម៉ោង ដែលនាំឱ្យមានបញ្ហាសុខភាព។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅព្រឹកថ្ងៃអាទិត្យនេះសម្តេចអញ្ជើញទៅវាយកូនគោល។ សម្តេចបានសរសេររៀបរាប់នៅលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំខានលេងអុកប្រមាណជាងមួយឆ្នាំហើយ ដោយអត់ពេល។ ល្ងាចថ្ងៃសុក្របន្ទាប់ពីប្រជុំគណៈរដ្ឋមន្ត្រីពេលព្រឹក ពេលល្ងាច ខ្ញុំខិតខំសំរេចកិច្ចការដែលនៅសេសសល់ រាប់ទាំងឯកសារទៅសម្ពោធភូមិកុមារSOS នៅខេត្ត កំពតផង។ ខ្ញុំឆ្លៀតពេលហៅដៃគូកំហូចរបស់ខ្ញុំមកលេងអុក។ និកស្មានថាដៃគូខ្ញុំទៅរៀនសូត្របានល្បិចថ្មីៗមកសម្លាប់ខ្ញុំ មិននឹកស្មានថា ដៃគូខ្ញុំខូចលើសដើមចេះលួច ចេះដណ្តើមយកកូនពេលខ្ញុំស៊ី ចេះរាប់បន្លំពេលខ្ញុំដេញដើម្បីយកស្មើ។ល។
ថ្ងៃនេះវាយកូនគោលជាមួយមនុស្សខូចនេះទៀត បង្ហោះFacebook កុំឱ្យគាត់ឃើញ។ ប្រសិនបងប្អូនលេងអុកវាមានប្រយោជនន៌ ជាងទៅលេងល្បែងស៊ីសង ទៅស៊ីផឹកស្រីញីក្រៅផ្ទះ ហើយវាបែកប្រាជ្ញានិងជួយអភិរក្សល្បែងអុកខ្មែរផងដែរ តែកុំលេងលើសពី ២ម៉ោង ដែលនាំឱ្យមានបញ្ហាសុខភាពទៅវិញនិងប្រយ័ត្នប្រពន្ធស្លត្រីអុកឱ្យទទួលទាន។ ខ្ញុំចេះលេងអុកតាំងពីអាយុ១៤ឆ្នាំ ពេលនៅវត្តជាមួយព្រះសង្ឃគឺរយៈពេល៥០ឆ្នាំមកហើយ តែមិនក្លាយទៅជាអ្នកពូកែខាងល្បែងអុកបានដែរ។ សុំមើលរូបភាពដែលខ្ញុំសម្លាប់ដៃគូខ្ញុំពេលលេងពីល្ងាចថ្ងៃសុក្រ»៕