(ព្រះវិហារ)៖ អំណោយរបស់រាជរដ្ឋាភិបាលមានសម្ភារ និងថវិកាត្រូវបានលោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តតំណាងលោកប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ អមដំណើរដោយលោក សុខ សាន្តតារ៉ា អភិបាលស្រុកឆែប នាំយកទៅប្រគល់ជូនដល់ក្រុមការងារ ដែលកំពុងប្រចាំការនៅមណ្ឌុលធ្វើចត្តាឡីស័កនៅឃុំកំពង់ស្រឡៅ ស្រុកឆែប ជាប់នឹងព្រំដែនប្រទេសឡាវ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
នៅក្នុងឱកាសនោះ លោកស្រី ប៉ាង រ៉ាវី បានថ្លែងជម្រាបជូនក្រុមការងារ និងសមត្ថកិច្ចពាក់ព័ន្ធ ពីការយកចិត្តទុករបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេច បានយកអស់កម្លាំងកាយ កម្លាំងចិត្ត និងបញ្ញាណ ប្រកបដោយកិត្តិបណ្ឌិត ដើម្បីដឹកនាំប្រទេសជាតិអោយទទួលបានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនពេញផ្ទៃប្រទេស។
លោកស្រីបានថ្លែងបញ្ជាក់ថា ស្របពេលដែលជំងឺកូវីដ១៩ កំពុងរាតត្បាតជាសកលនៅលើពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជាយើងជំងឺកូវីដ១៩ កំពុងឆ្លងចូលសហគមន៍ចាប់តាំងពីថ្ងៃទី២០កុម្ភៈគួរឲ្យព្រួយបារម្ភនោះ សម្តេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រមុខដឹកនាំប្រទេស បានដាក់ចេញនូវវិធានាការនានាជាបន្តបន្ទាប់ ក្នុងគោលបំណងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
ជាមួយគ្នានោះសម្តេច ក៏បានលើកទឹកចិត្តដល់អជ្ញាធរដែនដី និងសមត្ថកិច្ចពាក់ព័ន្ធ ផ្តល់ជាអំណោយសម្ភារ និងថវិកាសម្រាប់ធ្វើកិច្ចការនេះឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុតផងដែរ។
ជាក់ស្តែងថ្ងៃនេះ ក្នុងនាមរដ្ឋបាលខេត្តព្រះវិហារ បាននាំអំណោយរបស់រាជរដ្ឋាភិបាល មានសម្ភារប្រើប្រាស់ ហូបចុក និងថវិកា មកប្រគល់ជូនដល់ក្រុមការងារនិងសមត្ថកិច្ចពាក់ព័ន្ធ ដែលកំពុងបំពេញការងារប្រចាំការ នៅមណ្ឌុលធ្វើចត្តាឡីស័ក ក៏ដូចជាកម្លាំងសមត្ថកិច្ចដែលកំពុងប្រចាំការនៅជាប់ព្រំដែនឡាវផងដែរ។
លោកស្រីបានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ ត្រូវយកអស់កម្លាំងកាយចិត្ត អនុវត្តន៍តួនាទីភារកិច្ចដែលជាបទបញ្ជារបស់រាជរដ្ឋាភិបាល និងបទបញ្ជារបស់រដ្ឋបាលខេត្តព្រះវិហារឲ្យមានប្រសិទ្ធិភាពខ្ពស់បំផុត ពិសេសត្រូវបន្តអនុវត្តន៍វិធានការសុខាភិបាល និងវិធានការ «៣កុំ ៣ការពារ» ជាប្រចាំដើម្បីការពារកុំអោយឆ្លងជំងឺកូវីដ១៩៕