(ភ្នំពេញ)៖ ជំងឺកូវីដ១៩ នៃព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ បន្តរីករាលដាលពីមួយថ្ងៃទៅមួយថ្ងៃឥតឈប់ឈរ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះមានរយៈពេលពីរខែហើយ។
មនុស្សសរុបជាង ៥ពាន់នាក់ បានរកឃើញឆ្លងជំងឺក្នុងព្រឹត្តិការណ៍នេះ ហើយមនុស្ស ៣៩នាក់ បានស្លាប់បាត់បង់ជីវិត។ រាជរដ្ឋាភិបាល និងអាជ្ញាធររាជធានីភ្នំពេញ បានប្រឹងប្រែងប្រយុទ្ធនឹងព្រឹត្តិការណ៍យ៉ាងស្រួចស្រាវបំផុត តែស្ថានការណ៍មិនបានធូរស្រាលនោះឡើយ។
ទីបំផុតនៅថ្ងៃទី១៤ ខែមេសា សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រយៈពេលពីរសប្តាហ៍ចាប់ពីម៉ោងសូន្យថ្ងៃទី១៥ រហូតដល់ថ្ងៃទី២៨ ខែមេសា ។
វិធានការនេះ បានហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចេញពីផ្ទះនោះឡើយទាំងយប់ និងថ្ងៃ លើកលែងតែករណីចាំបាច់ប៉ុណ្ណោះ។ បន្ទាប់ពីការអនុវត្តន៍វិធានការនេះ រាជធានីភ្នំពេញ ដែលធ្លាប់តែក្អាកក្អាយ ធ្លាប់តែកកកុញដោយចរាចរយានយន្តគ្រប់ប្រភេទ ដោយសារការធ្វើដំណើររបស់ប្រជាពលរដ្ឋ ដើម្បីប្រកបអាជីវកម្ម បំពេញការងារ និងបម្រើដល់តម្រូវការផ្សេងរបស់ខ្លួន ក៏ប្រែក្លាយទៅជាស្ងប់ស្ងាត់គួរឱ្យស្រណោះបំផុត។
សភាពស្ងប់ស្ងាត់បែបនេះ នឹងមិនអាចបិទបញ្ចប់ឡើយ បើសិនមនុស្សម្នាក្នុងរាជធានីមួយនេះមិនរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ទេនោះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសហើយថា បើសិនស្ថានការណ៍នៃការរីករាលដាលជំងឺកូវីដ១៩ មិនស្រាកស្រានទេនោះ សម្តេចនឹងបន្តពន្យារពេលនៃវិធានការរាំងខ្ទប់នេះទៅទៀត។
ដូច្នេះដើម្បីឱ្យរាជធានីប្រែក្លាយជាក្អាកក្អាយ ដោយសំឡេងមនុស្ស អ៊ូអរដោយការធ្វើដំឡើងវិញ តោងប្រជាពលរដ្ឋជាកោសិកាក្នុងរាជធានីភ្នំពេញ គ្រប់រូបចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ និងការណែនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរ។ បន្ថែមពីលើនោះ យើងត្រូវពង្រឹងស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ឱ្យបានគ្រប់ៗគ្នា ប្រយុទ្ធដោយមិនឱ្យជំងឺនេះឆ្លងមកលើខ្លួនយើង គ្រួសារ និងក្នុងសហគមន៍របស់យើង៕