(ភ្នំពេញ)៖ រដ្ឋបាលស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល និងក្រុមប្រតិកម្មរហ័សកងទ័ពជើងទឹក នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីបំភ្លឺ និងសូមបដិសេធទាំងស្រុងចំពោះការផ្សព្វផ្សាយ តាមបណ្តាញសង្គម ហ្វេសបុក និងមានការចែកចាយគ្នាតាម Messenger ថា មានស្ត្រីម្នាក់កើតកូវីដរត់គេចពីមណ្ឌលចត្តាឡីស័ក នៅស្រុកខ្សាច់កណ្តាល មកមើលថែមប្តីជាទាហានជើងទឹកនៅពេទ្យលោកព្រះកុសុមៈ ហៅពេទ្យលោកសង្ឃ រហូតនាំឲ្យមានការឆ្លងដល់ក្រុមគ្រូពេទ្យ និងអ្នកជំងឺនៅទីនោះ។
សម្រាប់រដ្ឋបាលស្រុកខ្សាច់កណ្តាល និងអ្នកនាំពាក្យកងទ័ពជើងទឹក បានបំភ្លឺ និងបដិសេធទាំងស្រុងយ៉ាងដូច្នេះថា ការផ្សព្វផ្សាយក្នុងបណ្តាញសង្គមហ្វេសបុក បានផ្សាយថា មានស្ត្រីម្នាក់រត់គេចពីមណ្ឌលចត្តាឡីស័ក ក្នុងស្រុកខ្សាច់កណ្តាល ដែលមានអ្នក ផ្ទុកជំងឺកូវីដ១៩ ទៅមើលប្តីរបស់គាត់ដែលមានគ្រោះថ្នាក់ផ្ទុះអូប័រ នៅខេត្តព្រះសីហនុ កំពុងព្យាបាលសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យព្រះកុសមៈ រាជធានីភ្នំពេញ នេះជាព័ត៌មានមិនពិតឡើយ។
រដ្ឋបាលស្រុក និងអ្នកនាំពាក្យកងទ័ពជើងទឹក សូមធ្វើការបដិសេដទាំងស្រុង ចំពោះករណីផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងបណ្តាញសង្គមហ្វេសបុក តាមរយ:ការផ្ញើសារសម្លេង (Messenger) តៗគ្នាថាមានករណីស្រីម្នាក់ឈ្មោះ អែម សារ៉េត ត្រូវ ជាប្រពន្ធរបស់យោធាម្នាក់ ដែលបានជួបឧប្បទ្ទវហេតុផ្ទុះអូប័រ ក្នុងពេលបំពេញបេសកកម្មនៅខេត្តព្រះសីហនុ។
ជាក់ស្តែងស្រ្តីឈ្មោះ អែម សារ៉េត បច្ចុប្បន្នមានផ្ទុកវិជ្ជមានកូវីដ១៩ខាងលើ ពុំបានរត់គេចពីមណ្ឌលចត្តាឡីស័ក នៅក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ដូចការផ្សព្វផ្សាយតៗគ្នា នៅក្នុងបណ្តាញទំនាក់ទំនងសង្គមនោះទេ ព្រោះតាមការស៉ើបអង្កេតស្រាវជ្រាវ ទៅដល់ទីតាំងផ្ទាល់ និងតាមការបញ្ជាក់របស់លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្តាល និងក្រុមការងារស្រុក និងលោក លឹម ផល្លា ប្រធានការិយាល័យ សុខាភិបាលស្រុក គឺពិតជាពុំមានឈ្មោះនេះ ក្នុងមណ្ឌលចត្តាឡីស័កឡើយ។
ស្រ្តីឈ្មោះ អេម សារ៉េត បានស្នាក់នៅភូមិព្រែកក្របៅទី២ ឃុំព្រែកងំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ ប្តីរបស់គាត់ បានជួបឧប្បទ្ទវហេតុផ្ទុះអូប័រ នៅខេត្តព្រះសីហនុ ហើយក៏បានយកមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ (ហៅពេទ្យលោកសង្ឃ)។
ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១ ក្មួយរបស់គាត់ឈ្មោះ រតនា បានមកសួរសុខទុក្ខគាត់នៅមន្ទីរពេទ្យព្រះកុសមៈ ហៅពេទ្យលោកសង្ឃ រហូតមកដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ ក្មួយរបស់គាត់បានទៅធ្វើតេស្តសំណាក ហើយរងចាំលទ្ធផលរហូតដល់ថ្ងៃទី១៤ នាខែឆ្នាំដដែល ក្មួយរបស់គាត់លទ្ធផលតេស្តវិជ្ជមានកូវីដ-១៩ ក្រោយទទួលបានដំណឹងនេះភ្លាម ស្រ្តីឈ្មោះ ម៉េត សារ៉េត ក៏ទៅធ្វើតេស្តសំណាកភ្លាម នៅមណ្ឌលសុខភាពចាក់អង្រែក្រោម លទ្ធផលចុងក្រោយគឺនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ស្រ្តីឈ្មោះ ម៉េត សារ៉េត ក៏ទទួលបានលទ្ធផលតេស្តវិជ្ជមានកូវីដដែរ។
សូមបញ្ជាក់ថា ស្រ្តីឈ្មោះ ម៉េត សារ៉េត គឺបាននៅក្នុងផ្ទះមើលថែកូន រហូតដោយមិនបានចេញក្រៅ និងមិនស្ថិតនៅក្នុងតំបន់ចត្តាឡីស័កណាមួយឡើយ ប៉ុន្តែដោយសារប្តីរបស់គាត់ បានជួបឧប្បទ្ទវហេតុផ្ទុះអូប័រនោះ ទើបគាត់បានមកមើលថែប្តីគាត់រហូត តែជាអកុសលដោយសារតែក្មួយរបស់គាត់ ដែលបានមកសួរសុខទុក្ខគាត់ នៅថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២១នោះ បានទៅធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ ទើបគាត់ក៏ទៅធ្វើតេស្ត ហើយក៏ឃើញថា គាត់វិជ្ជមានដែរ។
ពាក់ព័ន្ធករណីខាងលើនេះ អ្នកនាំពាក្យកងទ័ពជើងទឹក សូមបដិសេដទាំងស្រុកនូវព័ត៌មាន ដែលបានចែកចាយតៗគ្នា តាមរយៈសារសំឡេង (Messenger)៕