Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រី ប្រទានសាររំលែកទុក្ខមរណភាពលោក ម៉ៅ អាយុទ្ធ

17-04-2021 15:40

(ភ្នំពេញ)៖ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនីនាថ សីហនុ សម្តេចម៉ែ បានប្រទានសាររំលែកទុក្ខចំពោះមរណភាព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជសារ របស់សម្តេចម៉ែ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។

ព្រះរាជសារដែលផ្ញើទៅលោកស្រី សូ សាម៉ូនី ភរិយាសពលោក ម៉ៅ អាយុទ្ធ បានបញ្ជាក់យាងដូច្នេះថា៖ «ខ្ញុំបានទទួលដំណឹងដ៏ក្រៀមក្រំ ពីមរណភាពរបស់លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាព នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រមាណ ០៦៖០០នាទីល្ងាច ដោយរោគាពាធ ក្នុងជន្មាយុ ៧៧ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»

សម្តេចម៉ែមានព្រះបន្ទូលបន្តថា «ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព»

សម្តេចម៉ែបានចាត់ទុកថា មរណភាពនៃលោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ល្អប្រពៃមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ សម្តេចម៉ែសូមបួងសួងសូមវិញ្ញាណក្ខន្ធលោក ម៉ៅ អាយុទ្ធ អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕