(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានប្រទានសាររំលែកទុក្ខចំពោះមរណភាព លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន។ នេះបើយោងតាមព្រះរាជសារ របស់ព្រះមហាក្សត្រ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ។
ព្រះរាជសារដែលផ្ញើទៅលោកស្រី សូ សាម៉ូនីភរិយាសពលោក ម៉ៅ អាយុទ្ធ បានបញ្ជាក់យាងដូច្នេះថា៖ «ខ្ញុំមានហឫទ័យក្រៀមក្រំ ដោយបានទទួលដំណឹងថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាព នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ ៧៧ឆ្នាំ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»។
ព្រះមហាក្សត្រ មានព្រះបន្ទូលបន្តថា «ខ្ញុំសូមសម្តែងនូវសេចក្តីសោកស្តាយ និងសូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយ លោកស្រី ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តទាំងអស់នៃសព»។
ព្រះមហាក្សត្របានចាត់ទុកថា មរណភាពនៃលោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីដ៏ល្អចំពោះភរិយា ជាឪពុក ជាជីតា ប្រកបដោយព្រហ្មវិហារធម៌ និងក្តីសណ្តោសប្រោសប្រណី ចំពោះបុត្រាបុត្រី ចៅប្រុសចៅស្រី ជាទីស្រឡាញ់ ព្រមទាំងញាតិមិត្តនៃសព។ ការទទួលមរណភាពនេះ គឺជាការបាត់បង់កុលបុត្រខ្មែរដ៏ល្អប្រពៃមួយរូប ដែលធ្លាប់មានស្នាដៃ និងគុណបំណាច់ដ៏ធំធេង ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ព្រមទាំងបានចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។ ព្រះមហាក្សត្រ សូមបួងសួងសូមវិញ្ញាណក្ខន្ធលោក ម៉ៅ អាយុទ្ធ អញ្ជើញទៅកាន់សុគតិភពកុំបីអាក់ខានឡើយ។
សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕