(ភ្នំពេញ)៖ បន្ទាប់ពីក្រុមគ្រូពេទ្យបានចុះធ្វើសំណាករួចរាល់នៅព្រឹកមិញនេះ ដើម្បីតេស្តិ៍រកមេរោគកូវីដ១៩ទាំង៣នាក់ សមត្ថកិច្ចបានធ្វើការនាំខ្លួនឧត្តមសេនីយ៍ផ្កាយ២ និងមនុស្ស២នាក់ទៀតល្មើសច្បាប់ និងបំរាមសេចក្តីសម្រេចរាជរដ្ខាភិបាលទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនខាងតំណាងអយ្យការបើកការស៊ើបសួរ និងឈានទៅរកការចោទន្រកាន់តាមផ្លូវច្បាប់។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងប្រាប់លោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា សម្តេចតេជោកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។
ហេតុការណ៍ដ៏គឃ្លើន ក្នុងដំណាក់កាលដែលប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងតែទទួលរងការវាយលុកពីជំងឺកូវីដ១៩នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ស្ថិតនៅភូមិដំណាក់ធំទី២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ។ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖
១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។
២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែកមនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់៕