(ភ្នំពេញ)៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ និងអភិបាលរងរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់ទីតាំងបិទខ្ទប់ នៅគល់ស្ពានក្បាលថ្នល់ ត្រើយខាងលិច ស្របពេលដែលទីតាំងនេះមានការកកស្ទះចរាចរណ៍ដោយប្រជាពលរដ្ឋធ្វើដំណើរ ដែលជាហានិភ័យនៃការឆ្លងីករាលដាលកូវីដ-១៩ ក្រោយអាជ្ញាធរចេញចំណាត់ការច្បាប់ ចំពោះប្រជាពលរដ្ឋដែលនៅបន្តធ្វើដំណើរតាមដងផ្លូវ បើកមិនមានភាពចាំបាច់ និងបន្ទាន់ខ្លាំង។
អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ «បងប្អូនប្រជាពលរដ្ឋ បើនៅតែបន្តធ្វើដំណើរនៅក្នុងរាជធានីភ្នំពេញ ខណៈដែលអាជ្ញាធររាជធានីភ្នំពេញ កំពុងតែរិតបន្តឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញនេះ អាជ្ញាធររាជធានីភ្នំពេញនឹងអនុវត្តវិធានការច្បាប់ មិនមានការយោគយល់ឡើយ ពោលគឺនៅពេលដែលសមត្ថកិច្ចពិនិត្យទៅឃើញថា មិនមានសិទ្ធិ ឬគ្មានឯកសារ ក្នុងការអនុញ្ញា អាជ្ញាធរនឹងធ្វើការឃាត់ខ្លួន ដើម្បីអនុវត្តទៅតាមច្បាប់»។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានណែនាំឱ្យកម្លាំងសមត្ថកិច្ច និងបានប្រាប់ឱ្យប្រជាពលរដ្ឋទាំងអស់ធ្វើការបកក្រោយ ហើយប្រសិនបើមិនគោរពតាមទេ និងធ្វើការពិន័យទៅតាមច្បាប់។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។
លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែមេសានេះ បានថ្លែងថា រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅតែប៉ុណ្ណោះ។ លោកបន្តថា អ្នកដែលត្រូវអនុញ្ញាតឲ្យធ្វើដំណើរ ត្រូវធ្វើដំណើរតាមគោលបំណងដែលសមត្ថកិច្ចអនុញ្ញតប៉ុណ្នោះ ចប់កិច្ចការត្រូវចូលផ្ទះ បើធ្វើខុសនឹងត្រូវមានទោស។
ទោសទណ្ឌ «បទមិនគោរពវិធានការរដ្ឋបាល» និង «បទរារាំងដល់ការអនុវត្តវិធានការ» ដែលមានចែងក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត មានដូចខាងក្រោម៖
* មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
* មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ កំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ៕