(ភ្នំពេញ)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ បានប្រកាសអំពីការបង្កើត កម្មវិធី App សម្រាប់ដំឡើងលើទូរស័ព្ទដៃ ដូចទៅនឹងសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែរ ប៉ុន្តែកម្មវិធីរបស់លោក សម រង្ស៊ី ពេលនេះ អាចដំឡើងបានតែនៅលើទូរស័ព្ទដៃ ដែលប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android ប៉ុណ្ណោះ ។
នៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ លោក សម រង្ស៊ី បានលើកឡើងថា «ឥឡូវនេះ បងប្អូនជនរួមជាតិទាំងអស់ ដែលប្រើប្រាស់ទូរស័ព្ទដៃស្មាតហ្វូន (Smartphone) ប្រភេទ Android ដូចជា Samsung, LG, HTC, Sony, Hua Wei -ល- អាចតាមដានទំព័រហ្វេសប៊ុក (Facebook) របស់ខ្ញុំ បានកាន់តែងាយស្រួល នៅលើកម្មវិធី APP របស់ខ្ញុំ ដោយគ្រាន់តែវាយពាក្យថា "Sam Rainsy" នៅក្នុងកម្មវិធី Play Store ដែលមាននៅក្នុងទូរស័ព្ទប្រភេទខាងលើ»។
កម្មវិធីនៅលើទូរស័ព្ទដៃ កំពុងកាន់តែពេញនិយម នៅក្នុងប្រទេសកម្ពុជា។ កម្មវិធីទាំងនេះ អាចបញ្ជូនព័ត៌មានផ្សេងៗ ឬកម្មវិធីផ្សេងៗជូនអ្នកប្រើប្រាស់ បានយ៉ាងឆាប់រហ័ស។ ឥឡូវបណ្តាញព័ត៌មាននានា ក៏បានបង្កើត App ដើម្បីបញ្ជូនព័ត៌មានរបស់ពួកគេ ទៅកាន់ប្រជាពលរដ្ឋផងដែរ។
កាលពីខែដើមខែមករា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសដាក់ឱ្យដំណើរការ App ផ្ទាល់របស់សម្តេច ដើម្បីបញ្ជូនព័ត៌មាន និងសារនយោបាយ ទៅលើទូរស័ព្ទរបស់ប្រជាពលរដ្ឋ។ App របស់សម្តេចតេជោ ហ៊ុន សែន ដែលមានឈ្មោះថា «Samdech Hun Sen» អាចឱ្យប្រជាពលរដ្ឋទាំងអស់ ប្រើប្រាស់បានទាំងលើទូរស័ព្ទ ប្រើប្រព័ន្ធប្រតិបត្តិការ Android និង iOS៕