(ភ្នំពេញ)៖ លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ រួមទាំងថ្នាក់ដឹកនាំអតីតគណបក្សនេះចំនួន៦រូបផ្សេងទៀត បានដាក់លិខិតស្នើសុំនីតិសម្បទាធ្វើនយោបាយឡើងវិញ ទៅកាន់ក្រសួងមហាផ្ទៃ។ នេះបើតាមលិខិតរបស់ក្រសួងមហាផ្ទៃ ស្នើទៅកាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៧ ខែមេសានេះ។
អតីតថ្នាក់ដឹកនាំ នៃអតីត CNRP ដែលបានដាក់លិខិតស្នើសុំនីតិសម្បទាធ្វើនយោបាយនេះ រួមមាន លោក យ៉ែម បុញ្ញឫទ្ធិ, លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា, លោក ជុំ ច័ន្ទដារិន, លោក ទួត យឿត, លោក ឡាត់ លិេតយ្យ, លោក ឡុង គឹមឃន និង លោកស្រី យង់ ផាន់ណេត។
កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យផ្ដល់នីតិសម្បទាធ្វើនយោបាយឡើងវិញ ជូនលោក ថាច់ សេដ្ឋា ដែលត្រូវបានហាមឃាត់មិនឲ្យធ្វើសកម្មភាពនយោបាយសម្រាប់រយៈពេល៥ឆ្នាំ តាមអំណាចសាលដីការបស់តុលាការកំពូលផងដែរ។
អតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ សរុប១១៨នាក់ (ស្លាប់ម្នាក់) ត្រូវបានតុលាការកំពូលកម្ពុជាចេញសាលដីកា សម្រេចផ្អាកមិនឱ្យធ្វើសកម្មភាពនយោបាយ រយៈពេល៥ឆ្នាំ កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ បន្ទាប់ពីកាត់ទោសរំលាយគណបក្សសង្រ្គោះជាតិ ដែលជាប់ពាក់ព័ន្ធនឹងអំពើឃុបឃិតជាមួយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៥រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ដែលក្នុងនោះរួមមាន ទី១៖ លោក គង់ គាំ អតីតទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ ទី២៖ លោក គង់ បូរ៉ា អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ទី៣៖ លោក ស៊ីម សុវណ្ណនី និងទី៤៖ លោក រៀល ខេមរិន្ទ ដែលជាអតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ, ទី៥៖ លោក អ៊ូ ច័ន្ទរ័ត្ន, ទី៦៖ លោកស្រី ទេព សុទ្ធី, ទី៧៖ លោក កង គឹមហាក់ ទី៨៖ លោក ជីវ កត្តា និង ទី៩៖ លោក ច័ន្ទ សិលា ទី១០៖ លោក សុន ឆ័យ ទី១១៖ លោក តាវ គឹមឈន, ទី១២៖ លោកវ៉ា សាម៉ុន, ទី១៣៖ លោក ស៊ុន សុភ័ក្រ, ទី១៤៖ លោកស្រី លី ស្រីវីណា និងទី១៥៖ លោក ថាច់ សេដ្ឋា។
តាមច្បាប់ស្តីពីវិសោធនកម្មមាត្រា ៤៥ថ្មី (ស្ទួន) នៃច្បាប់ស្តីពីគណបក្សនយោបាយ, ដើម្បីបាននីតិសម្បទាឡើងវិញនោះ អ្នកនយោបាយដែលជាប់បម្រាមតុលាការក្នុងការធ្វើនយោបាយ ត្រូវស្នើលិខិតទៅក្រសួងមហាផ្ទៃ ហើយបន្ទាប់ពីពិនិត្យពិច័យ ក្រសួងមហាផ្ទៃនឹងដាក់ស្នើនាយករដ្ឋមន្រ្តី ដើម្បីពិចារណាធ្វើលិខិតទូលថ្វាយព្រះមហាក្សត្រ ឡាយព្រះហស្ថលេខាផ្តល់នីតិសម្បទានយោបាយឡើងវិញ៕