(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីរហូតដល់២៩១នាក់ ដែលភាគច្រើនបំផុត ជាអ្នករស់នៅរាជធានីភ្នំពេញ ខណៈអ្នកជំងឺចំនួន២៣នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសព័ត៌មាន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា អ្នកឆ្លងទាំង២៩១នាក់ មានម្នាក់ស្ត្រីជនជាតិបារាំង ធ្វើដំណើរមកពីប្រទេសស្វីសមកកម្ពុជា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ និង២៩០នាក់ផ្សេងទៀត ជាករណីឆ្លងក្នុងសហគមន៍២០កុម្ភៈ ដែលរួមមានរាជធានីភ្នំពេញ ២២៨នាក់, ខេត្តកណ្តាល ១៤នាក់, ខេត្តព្រៃវែង ២នាក់, ខេត្តតាកែវ ១២នាក់, ខេត្តស្វាយរៀង ៨នាក់ និងខេត្តព្រះសីហនុ ២៦នាក់។
សម្រាប់អ្នកជាសះស្បើយទាំង ២៣នាក់វិញ ជាអ្នកឆ្លងក្នុងសហគមន៍ នៃព្រឹត្តិការណ៍២០កុម្ភៈ ដោយទទួលទ្ធផលធ្វើតេស្តអវិជ្ជមាន២លើក ត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ ប៉ុន្តែត្រូវបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃ ដើម្បីតាមដានសុខភាព។
សូមជម្រាបថា គិតត្រឹមម៉ោង៧ព្រឹក ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងសរុបចំនួន ៥ ៧៧១នាក់ ក្នុងនោះករណីសហគមន៍២០កុម្ភៈ ចំនួន ៥២២៨នាក់, អ្នកជាសះស្បើយចំនួន ២ ៤១៦នាក់, អ្នកកំពុងសម្រាកព្យាបាលចំនួន ៣៣១១នាក់, អ្នកស្លាប់ចំនួន ៣៩នាក់ និងស្លាប់ដោយជំងឺផ្សេង ពេលកំពុងព្យាបាលកូវីដ១៩ចំនួន ៥នាក់៕