(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ នគរបាលដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹង ចំនួន៥គោលដៅនៅរាជធានីភ្នំពេញ និង២ទីតាំងនៅជាយរាជធានីភ្នំពេញ ក្រៅពីនោះក៏មានការពង្រឹង នៅតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់ដល់ម៉ោង៣ទៀបភ្លឺ។
លោកឧត្តមសេនីយ៍ផ្កាយ៣ រ៉ុន រ័ត្នវាសនា ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅព្រលប់នេះថា នគរបាលប៉ុស្តិ៍ ត្រួតពិនិត្យ៥ ទីតាំងដែលស្ថិតនៅរាជធានីភ្នំពេញ គឺទីមួយ ស្ថិតនៅស្តុបច្បារអំពៅ ចំណុចទីពីរស្ថិតនៅមុខផ្សារស្ទឹងមានជ័យ ទីតាំងទីបីស្ថិតនៅមុខផ្សារហេង លី ទីតាំងទីបួនស្ថិតនៅមុខផ្សារតូច ទីតាំងទីប្រាំ ស្ថិតនៅមុខអធិការខណ្ឌពោធិសែនជ័យ។ ចំណែកនៅជាយរាជធានីភ្នំពេញ នគរបាលប៉ុស្តិ៍ត្រួតពិនិត្យ ២ទីតាំង ទីមួយគឺស្ថិតនៅក្រោមស្ពានលី យ៉ុងផាត់ និងទីតាំងទីពីរ គឺស្ថិតនៅជិតបព្ជារបង់ប្រាក់កំបូល។
ក្រៅពីនោះ កម្លាំងសមត្ថកិច្ច ក៏បានពង្រាយកម្លាំងបន្ថែម នៅតាមបណ្តាខេត្តមួយចំនួនផងដែរ ដូចជាខេត្តកំពង់ធំ ខេត្តតាកែវ ខេត្តស្វាយរៀង កំពង់ស្ពឺ ដែលដាក់ពង្រាយគោលដៅផ្សេងៗគ្នាទៀត ដើម្បីត្រួតពិនិត្យគ្រឿងស្រវឹង។
កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យ បងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕