(ភ្នំពេញ)៖ លោក គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី១៧ ខែមេសានេះ បានថ្លែងថា រាល់ការធ្វើដំណើរ ត្រូវបានហាមឃាត់ លើកលែងតែករណីចាំបាច់បំផុត និងមានការអនុញ្ញាតពីសមត្ថកិច្ចប្រចាំនៅគោលដៅតែប៉ុណ្ណោះ។
លោកបន្តថា អ្នកដែលត្រូវអនុញ្ញាតឲ្យធ្វើដំណើរ ត្រូវធ្វើដំណើរតាមគោលបំណងដែលសមត្ថកិច្ចអនុញ្ញតប៉ុណ្នោះ ចប់កិច្ចការត្រូវចូលផ្ទះ បើធ្វើខុសនឹងត្រូវមានទោស។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ បានបញ្ជាក់យ៉ាងដូច្នេះ៖ «សូមចងចាំថា ក្នុងករណីដែលអ្នកទទួលបានការអនុញ្ញាតឲ្យធ្វើដំណើរក្នុងគោលបំណងចាំបាច់ណាមួយ ដែលអ្នកបានអះអាងជូនដល់សមត្ថកិច្ចនោះ អ្នកត្រូវគោរពអនុវត្តឲ្យបានត្រឹមត្រូវតាមគោលបំណងនៃការធ្វើដំណើរនោះ ហើយពេលបំពេញតម្រូវការរួច ត្រូវវិលត្រឡប់ចូលផ្ទះអ្នកវិញ»។
លោកបន្តថា រាល់ការប្រើប្រាស់ការអនុញ្ញាតរបស់សមត្ថកិច្ចក្នុងគោលបំណងផ្សេង គឺជាការបំពានវិធានការរដ្ឋបាល ដែលអ្នកនឹងប្រឈមនឹងការទទួលទណ្ឌកម្ម។
មន្ត្រីជាន់ខ្ពស់ក្រសួងយុត្តិធម៌ ថែមទាំងបានបង្ហាញទោសទណ្ឌ «បទមិនគោរពវិធានការរដ្ឋបាល» និង «បទរារាំងដល់ការអនុវត្តវិធានការ» ដែលមានចែងក្នុងច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត ដូចខាងក្រោម៖
* មាត្រា១០៖ បទមិនគោរពវិធានការរដ្ឋបាល កំណត់ថា ដោយមិនគិតដល់បទល្មើសព្រហ្មទណ្ឌដទៃទៀត អំពើដោយចេតនាមិនគោរពវិធានការរដ្ឋបាល ដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវទទួលពិន័យអន្តរការណ៍ពី ១.០០០.០០០ (មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០(ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០(ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្ដាលឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
* មាត្រា១១៖ បទរារាំងដល់ការអនុវត្តវិធានការ កំណត់ថា អំពើរារាំង ឬបង្កឧបសគ្គដោយចេតនាដល់ការអនុវត្តវិធានការដែលបានដាក់ចេញស្របតាមច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ)ខែ ទៅ ៣(បី)ឆ្នាំ និងពិន័យជាប្រាក់ពី២.០០០.០០០ (ពីរលាន)រៀល ទៅ ១០.០០០.០០០(ដប់លាន)រៀល។ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២(ពីរ)ឆ្នាំ ទៅ ៥(ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី៥.០០០.០០០(ប្រាំលាន)រៀល ទៅ ២០.០០០.០០០ (ម្ភៃលាន)រៀល កាលបើអំពើខាងលើនេះបណ្តាលឱ្យមានការចម្លងជំងឺកូវីដ១៩ ដល់អ្នកដទៃ ឬប៉ះពាល់ធ្ងន់ធ្ងរដល់សុខភាពសាធារណៈ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង៕