Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: លោក គឹម សន្ដិភាព៖ អ្នកល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ (Video Inside)

16-04-2021 22:54

(ភ្នំពេញ)៖ ថ្លែងប្រាប់បណ្ដាញព័ត៌មានផ្លូវការ Fresh News នៅមុននេះបន្ដិចនាយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ លោក គឹម សន្ដិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា អ្នកដែលល្មើសវិធានការបិទខ្ទប់មិនឲ្យចេញក្រៅផ្ទះ នឹងប្រឈមជាមួយការជាប់ពន្ធនាគារ។

លោក គឹម សន្ដិភាព បានអះអាងថា វិធានការបិទខ្ទប់មិនឲ្យមានការបំលាស់ទីពីកន្លែងមួយ ទៅកន្លែងមួយ គឺដើម្បីតែកាត់ផ្ដាច់នូវការចម្លងជំងឺកូវីដ១៩តែប៉ុណ្ណោះ ដូច្នេះសូមប្រជាពលរដ្ឋចូលរួមអនុវត្តតាមវិធានការនេះឲ្យមានប្រសិទ្ធភាព ព្រោះវិធានការនេះត្រូវបានអនុវត្តយ៉ាងតឹងរឹងបំផុត។

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះ បានថ្លែងយ៉ាងដូច្នេះថា «សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់បិទខ្ទប់ មេត្ដាជ្រាបថា វិធានការបិទខ្ទប់ ត្រូវបានដាក់ចេញដើម្បីកាត់ផ្ដាច់នូវការបំលាស់ទីរវាងមនុស្ស ពីផ្ទះមួយ ទៅផ្ទះមួយ ពីទីកន្លែងមួយទៅទីកន្លែងមួយ ពីតំបន់មួយទៅតំបន់មួយ ដូច្នេះវិធានការនេះ ត្រូវបានអនុវត្តយ៉ាងតឹងរឹងចំពោះការធ្វើដំណើរ ចំពោះការជួបជុំ និងចំពោះសកម្មភាពអាជីវកម្មដែលមិនបម្រើឲ្យតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្ដាចូលរួមអនុវត្តនូវវិធានការនេះឲ្យបានត្រឹមត្រូវទៅតាមអ្វីដែលបានដាក់ចេញ បើពុំនោះទេបងប្អូននឹងទទួលបាននូវ ការអនុវត្តច្បាប់ ពីអាជ្ញាធរមានសមត្ថកិច្ច ដែលរួមមានទាំងការពិន័យជាប្រាក់ និងការដាក់ទណ្ឌកម្មតាមរយៈការផ្ដន្ទាទោសដាក់ពន្ធនាគារផងដែរ»

លោក គឹម សន្ដិភាព សង្ឃឹម និងជឿជាក់ថា បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ដែលត្រូវបានបិទខ្ទប់ ពិសេសនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល ចូលរួមសហការអនុវត្តទាំងអស់គ្នា ដើម្បីទប់ស្កាត់នូវការឆ្លងរីករាលដាលជំងឺកូវីដ១៩។

សូមជម្រាបថា តាមរយៈបណ្តាញព័ត៌មានផ្លូវការ Fresh News លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសបញ្ជាដាច់ណាត់ចាប់ពីថ្ងៃស្អែក មិនអនុញ្ញាតឲ្យពលរដ្ឋចេញពីផ្ទះ បើនរណាម្នាក់នៅតែល្មើស កម្លាំងសមត្ថកិច្ចនឹងចាប់ឃាត់គ្រប់មធ្យោបាយធ្វើដំណើរ ផាកពិន័យ កសាងសំណុំរឿងទៅតុលាការ។ មិនខុសគ្នានោះទេ អភិបាលខេត្តកណ្ដាល លោក គង់ សោភ័ណ្ឌ ក៏បានបញ្ជាកម្លាំងត្រូវអនុវត្តវិធានការដូចគ្នានេះ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ឲ្យខាងតែបាននូវការបិទខ្ទប់មិនឲ្យប្រជាពលរដ្ឋចេញក្រៅផ្ទះ លើកលែងករណីចាំបាច់៕