(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះ អាជ្ញាធរថៃបានសម្រេចយល់ព្រមផ្អាកសកម្មភាព ចុះត្រួតពិនិត្យទំនិញខ្មែរនៅផ្សាររ៉ុងក្លឿវិញហើយ បន្ទាប់ពីមានការសម្របសម្រួលពីអាជ្ញាធរកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងការបរទេស។
ក្រសួងការបរទេសបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីទទួលបានព័ត៌មានអំពីការចុះត្រួតពិនិត្យ ទំនិញនៅផ្សារ៉ុងក្លឿរបស់អាជ្ញាធរថៃ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានណែនាំឱ្យស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តសាកែវ ចុះទៅទីផ្សារ៉ុងក្លឿ ដើម្បីជួយដល់អាជីវករខ្មែរ និងជួយសំរបសំរួលកុំឲ្យមានការប្រឈម ឬការប៉ះទង្គិចកើតឡើងដូចពេលមុនទៀត ហើយថានៅវេលាប្រមាណម៉ោង ១០៖០០នាទីព្រឹក ពេលទទួលបានព័ត៌មានពីការប្រឈមមុខរវាងអាជ្ញាធរថៃ និងអាជីវករខ្មែរ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានរាយការណ៍ជូន សម្តេចតេជោនាយករដ្ឋមន្រ្តី។
ក្រសួងនេះបានអះអាងថា ដោយមានាការណែនាំពីសម្តេចតេជោ, លោក ហោ ណាំហុង ឧបនាយករដ្ឋមន្រ្តីក៏បានណែនាំអោយអភិបាលខេត្តបន្ទាយមានជ័យ និងអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ ជួបសំរបសំរួលដោះស្រាយជាមួយអាជ្ញាធរថៃ តាមការណែនាំរបស់សម្តេចតេជោ។ បន្ទាប់ពីការជួបប្រជុំគ្នា រវាងអាជ្ញាធរប្រទេសទាំងពីរ ភាគីថៃបានយល់ព្រមផ្អាក សកម្មភាពត្រួតពិនិត្យតាមសំណូមពររបស់កម្ពុជា។ បន្ទាប់ពីនេះ អាជ្ញាធរកម្ពុជា និងអគ្គកុងស៊ុលកម្ពុជាបានជួបណែនំាឲ្យអាជីវករខ្មែរ បញ្ឈប់ការលក់ដូរទំនិញកម្មសិទ្ធិបញ្ញា ដែលជាការកំណត់ មិនមែនតែនៅប្រទេសថៃប៉ុណ្ណោះទេ តែនៅគ្រប់ប្រទេសទាំងអស់ ហើយដែលប្រជាជនគ្រប់រូបមានកាតព្វកិច្ចត្រូវតែគោរពតាម។
ទន្ទឹមនឹងនេះ ដើម្បីជៀសវាងការកើតមានបញ្ហា ក្រសួងបានអំពាវនាវ ឲ្យអាជីវករខ្មែរយកទំនិញទាំងអស់នោះមកទុកនៅក្នុងទឹកដីកម្ពុជាវិញ ដើម្បីឲ្យបានសមស្របតាមការកំណត់ របស់អាជ្ញាធរថៃ៕