(ភ្នំពេញ)៖ ក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិត ដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
សាររំលែកមរណទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានឲ្យដឹងថា «ការទទួលមរណភាពរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ គឺជាការបាត់បង់នូវស្វាមី បិតា បិតាក្មេក និងជីតា ជាទីគោរពស្រឡាញ់ ប្រកបដោយព្រហ្មវិហារធម៌របស់លោកជំទាវ និងបុត្រា បុត្រី ព្រមទាំងក្រុមគ្រួសារ ហើយក៏ជាការបាត់បង់នូវបញ្ញវន្តដ៏ឆ្នើម និងជាឥស្សរជនដ៏ប៉ិនប្រសព្វមួយរូបរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមក ឯកឧត្តម ម៉ៅ អាយុទ្ធ បានរួមចំណែកយ៉ាងសកម្ម ក្នុងបុព្វហេតុបម្រើប្រជាពលរដ្ឋ និងសង្គមជាតិដោយស្មោះសរ ព្រមទាំងបានបូជាកម្លាំងកាយ និងប្រាជ្ញាស្មារតី ក្នុងការដឹកនាំ និងអភិវឌ្ឍន៍វិស័យព័ត៌មាន ឲ្យមានការរីកចម្រើនរហូតដល់សព្វថ្ងៃ។
មិនតែប៉ុណ្ណោះ ឯកឧត្តម ម៉ៅ អាយុទ្ធបានបណ្តុះបណ្តាល និងចែករំលែកនូវចំណេះដឹង និងបទពិសោធន៍យ៉ាងច្រើនដល់សិល្បករ សិល្បការិនីគ្រប់ទម្រង់។
ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នាសូមសំដែងនូវការ សោកស្តាយស្រណោះអាឡោះអាល័យ និងសូមចូលរួមចែករំលែកនូវមរណទុក្ខ ជាមួយ លោកជំទាវ និងក្រុមគ្រួសារញាតិមិត្តទាំងអស់នៃសព ដោយក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួង វិញ្ញាណក្ខន្ធសព ឯកឧត្តម ម៉ៅ អាយុទ្ធ បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»។
សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕