(ភ្នំពេញ)៖ មន្ដ្រីជំនាញអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (កបប) និងក្រុមការងារ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចុះពិនិត្យតាមដានថ្លៃទំនិញ និងសុំឲ្យអាជីវករបិទស្លាកថ្លៃ និងកុំដំឡងថ្លៃ នៅតាមផ្សារធំៗក្នុងរាជធានីភ្នំពេញ។
នេះបើតាមការឲ្យដឹង ពីលោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
ក្នុងឱកាសចុះត្រួតពិនិត្យ តាមដានថ្លៃទំនិញ ខាងលើនេះ ក្រុមការងារ ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានសហការ ជាមួយមន្ទីរ ចុះត្រួតពិនិត្យតាមផ្សារធំៗ ចំនួន៣ផ្សារ រួមមាន៖ ផ្សារធំថ្មី, ផ្សារច្បារអំពៅ និងផ្សារសំហាន។
លោក ប៉ែន សុវិជាតិ បានឲ្យដឹងទៀតថា ចំពោះផ្សារថ្មី មន្ដ្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានចុះរួចហើយ ដោយបានណែនាំ ដល់អាជីវករបិទស្លាកថ្លៃ លើមុខទំនិញ និងមិនអនុញ្ញាត ឲ្យដំឡើងថ្លៃហួសហេតុទេ។
បើតាមមន្ដ្រីជំនាញ បានឲ្យដឹងថា ពេលចុះអង្កេតពិនិត្យ ឃើញទំនិញមួយចំនួន រក្សាតម្លៃដូចមុនបិទខ្ទប់ មួយចំនួនឡើងបន្តិចបន្តួចដូចជា៖ ស្ពៃក្តោប និងស្ពៃបូកគោ តម្លៃ៤០០០រៀល ឡើង១០០០រៀល និងសាច់គោចំឡក ១គីឡូក្រាម តម្លៃ៤៥,០០០រៀល -ល-។
ទន្ទឹមនោះ មន្ដ្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងទៀតថា អាហារសមុទ្រ ពុំបានឡើងថ្លៃទេ ហើយក៏ពុំមានអតិថិនទិញផងដែរ ដែលធ្វើអ្នកលក់ត្អូញ ពីការលក់មិនសូវដាច់។
សូមជម្រាបថា ចំពោះតម្លៃលើមុខទំនិញ ដែលមន្ដ្រីជំនាញ និងក្រុមការងារ ក្រសួងពាណិជ្ជកម្ម បានស្ទង់រួមមាន៖
* សាច់គោច្រឡក តម្លៃ៤៥០០រៀល ក្នុងមួយគីឡូ
* សាច់ជ្រូកសាច់សុទ្ធ តម្លៃ៣០០០០រៀល ក្នុងមួយគីឡូ
* ឆ្អឹងជំនីរជ្រូកខ្ចី តម្លៃ៣៥០០០រៀល ក្នុងមួយគីឡូ
* ផ្អកត្រីពោ តម្លៃ៦០០០០រៀល ក្នុងមួយគីឡូ
* ប្រហុកសាច់ត្រីរស់ តម្លៃ៤៥០០០រៀល ក្នុងមួយគីឡូ
* មាន់បីសាសន៍ តម្លៃ១៥០០០រៀល ក្នុងមួយគីឡូ
* ខ្ទឹមស តម្លៃ៧០០០រៀល ក្នុងមួយគីឡូ ឡើង៥០០រៀល
* ក្រូចឆ្មា តម្លៃ៦០០០រៀល ក្នុងមួយគីឡូ ឡើង១០០០រៀល
* ប៉េងប៉ោះ តម្លៃ៥០០០រៀល ក្នុងមួយគីឡូ ឡើង១០០០រៀល
* ស្ពៃក្ដោប តម្លៃ៤០០០រៀល ក្នុងមួយគីឡូ ឡើង១០០០រៀល
* ពងទា១០គ្រាប់ តម្លៃ៦០០០រៀល ឡើង៥០០រៀល
* ពងមាន់១០គ្រាប់ តម្លៃ៥០០០រៀល ឡើង៥០០រៀល
* ប្រហិតសាច់គោ តម្លៃ២៧០០០រៀល ក្នុងមួយគីឡូ
* នំបញ្ចុក ៣០០០រៀល ក្នុងមួយគីឡូ
* មាន់ CP តម្លៃ១៦០០០រៀល ក្នុងមួយគីឡូ
* ត្រីឆ្ដោ តម្លៃ២០០០០រៀល ក្នុងមួយគីឡូ
* ត្រីពោ តម្លៃ១៥០០០រៀល ក្នុងមួយគីឡូ
* ត្រីកេស តម្លៃ៧០០០០រៀល ក្នុងមួយគីឡូ
* ត្រសក់ តម្លៃ៤០០០រៀល ក្នុងមួយគីឡូ ឡើង១០០០រៀល៕