(ភ្នំពេញ)៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស បានផ្ញើសារមួយចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

សាររំលែកមរណទុក្ខដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ទេសរដ្ឋមន្ដ្រី អូស្មាន ហាស្សាន់ បានគូសបញ្ជាក់ថា មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ ដ៏ឧត្ដុងឧត្តមចំពោះភរិយា ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រា បុត្រី ចៅប្រុស ចៅស្រី ជាទីស្រលាញ់ ព្រមទាំងចំពោះមិត្តភ័ក្រ និងសហសេវិកដែលលោក តែងតែមានសមានចិត្តជាមួយដោយមិនមានការរើសអើង។

ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏សែនក្រៀមក្រំនេះ ទេសរដ្ឋមន្ដ្រី និងក្រុមគ្រួសារ ព្រមទាំងសហការីក្រោមឱវាទសូមចូលរួមរំលែកទុក្ខដោយក្ដីស្រណោះ និងអាឡោះអាល័យជាមួយភរិយា របស់លោក ម៉ៅ អាយុទ្ធ ព្រមទាំងក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសពទាំងអស់ ដោយសេចក្ដីសង្វេគបំផុត។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។

លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕