(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាទៅកាន់អាជ្ញាធរនៅតាមមូលដ្ឋាន ទីជនបទនៃបណ្តាខេត្តនានា ឱ្យពិនិត្យឱ្យបានម៉ត់ចត់ចំពោះជនពីចម្ងាយ ដែលធ្វើដំណើរចូលទៅកាន់ភូមិឋានរបស់ខ្លួន។ ការធ្វើបែបនេះ ដើម្បីធានាជននោះមិននាំជំងឺទៅចម្លងប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។
បទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្ត្រី បានធ្វើឡើងតាមរយៈសារដាក់ចេញបទបញ្ជាពង្រឹងការអនុវត្តន៍វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៅល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ។ ការដាក់បទបញ្ជារបស់ឱ្យពង្រឹងការពិនិត្យនៅតាមមូលដ្ឋាននេះ ក៏ដោយសារតែមានព័ត៌មាននៃការលួចធ្វើដំណើរឆ្លងខេត្ត និងការព្យាយាមស្កាត់ជួបគ្នារបស់ប្រជាពលរដ្ឋ។
សម្តេចតេជោ បានថ្លែងបញ្ជាក់ដូច្នេះ «ភូមិឃុំនៅឯជនបទ នៅខេត្តនានា ត្រូវត្រួតពិនិត្យគ្រប់មនុស្ស ដែលធ្វើដំណើរពីចម្ងាយមកកាន់ភូមិរបស់ខ្លួន សំដៅធានាថាភូមិរបស់ខ្លួនមិនមានការរីករាលដាល នៃកូវីដ១៩នោះទេ។ ដូច្នេះសង្ឃឹមថា យើងនឹងអនុវត្តន៍ទាំងអស់គ្នា ប្រជាជននៅផ្ទះណា គឺនៅផ្ទះនោះ នៅភូមិណា គឺនៅភូមិនោះ ព្រះសង្ឃគង់នៅវត្តណា គឺគង់នៅវត្តនោះ ដោយគ្មានការលើកលែងនោះទេ»។
ក្នុងសារសំឡេងនេះ សម្តេចតេជោ បានទទូចឱ្យប្រជាពលរដ្ឋទាំងអស់ រួមគ្នាកាត់ផ្តាច់ការចម្លងជំងឺ។ បើមិនដូច្នោះទេ វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក៏ដូចជាការធ្វើដំណើរឆ្លងខេត្ត នឹងត្រូវពន្យារពេលលើសពី ១៤ថ្ងៃ៕