(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ជូនដំណឹងស្ដីពីការ បញ្ឈប់ការផ្ដល់ «លិខិតអនុញ្ញាតចេញ-ចូល» ដល់រោងចក្រ សហគ្រាស និងសិប្បកម្ម នៅភូមិសាស្ដ្ររាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្ដាល។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នាល្ងាចថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា គិតត្រឹមម៉ោង៤៖០០រសៀល ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ ក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តកណ្តាល បានចេញ «លិខិតអនុញ្ញាតចេញ-ចូល» ចំនួន ១០,៧៩៨សន្លឹក។
យោងសេចក្តីសម្រេចលេខ ៤៩សសរ របស់រាជរដ្ឋាភិបាល ស្តីពីការបិទខ្ទប់ភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុង តាខ្មៅ នៃខេត្តកណ្តាល ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងគោលការណ៍ឯកភាពរបស់គណៈកម្មការជាតិ គ.ប.ខ ក្រសួងសម្រេចបញ្ឈប់ការផ្តល់ «លិខិតអនុញ្ញាតចេញ-ចូល» ជូនរោងចក្រ សហគ្រាស និងសិប្បកម្មចាប់ពីពេលជូនដំណឹងនេះតទៅ។
ក្រសួងការងាររ បានបញ្ជាក់ទៀតថា លោក លោកស្រីជាម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងសិប្បកម្ម អាចទៅស្នើសុំលិខិតអនុញ្ញាតឲ្យ ដំណើរការសកម្មភាពអាជីវកម្មពីអាជ្ញាធរមានសមត្ថកិច្ចដែលនៅជិតបំផុត។
នៅពេលធ្វើដំណើរសូមលោក លោកស្រី និងបងប្អូនកម្មករនិយោជិត ដែលមានការអនុញ្ញាតឲ្យបន្តសកម្មភាពអាជីវកម្មយកជាប់ខ្លួនជានិច្ចនូវ៖
* ទី១៖ លិខិតអនុញ្ញាតឲ្យដំណើរការសកម្មភាពអាជីវកម្ម
* ទី២៖ ឯកសារបញ្ជាក់អំពីតួនាទីការងារ មុខរបរ ឬអាជីវកម្ម (បណ្ណកម្មករ ឬបណ្ណបុគ្គលិក)
* ទី៣៖ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតបញ្ជាក់ទីលំនៅ៕