TOP NEWS: សម្តេចតេជោ ហ៊ុន សែន ចេញបទបញ្ជាជាថ្មីទៀត «ហាមផ្តាច់ការចរាចររបស់ប្រជាពលរដ្ឋរយៈពេល១៤ថ្ងៃ មិនឲ្យចាកចេញពីផ្ទះ ឬភូមិ និងឆ្លងខេត្ត» (Video inside)
16-04-2021 16:55
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសារបន្ទាន់ថ្មីមួយទៀត ពាក់ព័ន្ធនឹងការបិទខ្ទប់ រាជធានីភ្នំពេញ និងខេត្តកណ្តាល។ ក្នុងសារសំឡេងនេះសម្តេចតេជោ បានកត់សម្គាល់ឃើញថា រយៈពេលពីរថ្ងៃនៃការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ នៅតែមានប្រជាពលរដ្ឋធ្វើដំណើរ។
ប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបានផ្លូវការពីសម្តេចនាយករដ្ឋមន្រ្តី រសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាទៅកាន់អាជ្ញាធរ និងសមត្ថកិច្ច ត្រូវតែអនុវត្តវិធានការឱ្យបានតឹងរឺងបំផុត មិនឱ្យមានការធ្វើដំណើរឆ្លងពីផ្ទះមួយទៅផ្ទះមួយ ឬពីភូមិមួយទៅភូមិមួយនោះឡើយ។
ក្នុងសារសំឡេងពិសេសនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា ក្នុងពេលបិទខ្ទប់នេះ នៅតែមានប្រជាពលរដ្ឋអាចធ្វើចរាចរ ការប្រាស្រ័យទាក់ទងគ្នា និងឆ្លងខេត្តជាដើម។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកដល់អាជ្ញាធរ និងសមត្ថកិច្ចក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ បង្កើនការអនុវត្តន៍វិធានការនេះដោយម៉ឺងម៉ាត់បំផុត។
សម្តេចតេជោ បានបញ្ជាក់ដូច្នេះ «ខ្ញុំព្រះករុណាខ្ញុំ សូមបញ្ជាក់ថា ការបិទនេះ គឺបិទមិនឱ្យប្រជាជនចេញពីផ្ទះតែម្តង លើកលែងតែមានករណីមួយចំនួន។ សូមកុំប្រើប្រាស់ករណីលើកលែងនោះ ធ្វើជាលេស ដើម្បីការចាកចេញរបស់បងប្អូនដែរ។ ឥឡូវបញ្ជាដាច់ណាត់ ដាច់ខាតមិនឱ្យមនុស្សចេញពីរាជធានីភ្នំពេញ ហើយក៏មិនអនុញ្ញាតឱ្យមនុស្សដែលទៅស្រុក ហើយត្រឡប់មកវិញ ដើម្បីចូលទីក្រុងភ្នំពេញទេ»៕