(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្ដកំពង់ចាម នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានប្រកាសពីការរកឃើញជំងឺកូវីដ១៩ លើបុរសម្នាក់នៅស្រុកស្រីសន្ធរ និងស្ដ្រីម្នាក់នៅស្រុកចំការលើ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាន។
អ្នកជំងឺកូវីដ១៩ ដែលទើបត្រូវបានរកឃើញនៅខេត្តកំពង់ចាមនោះរួមមាន៖
* ទី១៖ ឈ្មោះ ហួ ហ៊ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរកម្មករសំណង់ ទីលំនៅបច្ចុប្បន្នរស់នៅភូមិទ្រា ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ
* ទី២៖ ឈ្មោះ កេន សំអាត ភេទស្រី អាយុ២៦ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ហ្វជូណាន នៅម្ដុំផ្លូវវេងស្រេង មានទីលំនៅបច្ចុប្បន្ននៅថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ។
បើតាមរដ្ឋបាលខេត្តកំពង់ចាម បន្ទាប់ពីទទួលបានព័ត៌មានភ្លាម រដ្ឋបាលខេត្ដបានចាត់ឲ្យមន្ទីរសុខាភិបាលបញ្ជូនអ្នកជំងឺទាំងពីរមកសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ចាម និងបន្ដស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល និងដោយប្រយោលនឹងករណីនេះបន្ថែមទៀត។
ជាមួយគ្នានេះ រដ្ឋបាលខេត្តកំពង់ចាម ក៏បានបង្ហាញអំពីប្រវត្តិនៃការធ្វើដំណើរមួយចំនួនរបស់អ្នកជំងឺកូវីដ១៩ ទាំងពីរនាក់នេះផងដែរ និងអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់៕