(ព្រះសីហនុ)៖ អភិបាលខេត្តព្រះសីហនុ លោក គួច ចំរើន បានសម្រេចបិទផ្សារលើបណ្ដោះអាសន្ន រយៈពេល១៤ថ្ងៃ ក្រោយរកឃើញមានអាជីវករឆ្លងជំងឺកូវីដ១៩ជាបន្ដបន្ទាប់។ នេះបើតាមសេចក្ដីសម្រេចដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្ដិច នារសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្ដីសម្រេចនោះ អភិបាលខេត្តព្រះសីហនុ បានកំណត់ថា អាជីវកម្មលក់ដូរទាំងអស់នៅផ្សារលើ ត្រូវផ្អាកបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ ចាប់ពីម៉ោង០៣៖០០នាទីរសៀល ថ្ងៃទី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩។ លោក គួច ចំរើន បានសង្កត់ធ្ងន់ទៀតថា អាជីវករលក់ដូរនៅក្នុងផ្សារលើទាំងអស់ មានកាតព្វកិច្ចត្រូវទៅយកសំណាកដើម្បីរកជំងឺកូវីដ។
អភិបាលខេត្តបានបន្ថែមថា ក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនឹងចុះយកវត្ថុសំណាកពីអាជីវករទាំងអស់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ នៅផ្សារលើ ក្រុងព្រះសីហនុ។ ក្នុងករណីបងប្អូនអាជីវករណាខកខានមិនបានទៅផ្ដល់វត្ថុសំណាកតាមការកំណត់ខាងលើ ត្រូវទៅផ្ដល់វត្ថុសំណាក នៅវេទិកា ៧មករា រៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាក)។
ជាមួយគ្នានេះ អាជីវករទាំងអស់ ព្រមទាំងក្រុមគ្រួសារត្រូវធ្វើចត្តាឡីស័កនៅផ្ទះរបស់ខ្លួនឲ្យបានត្រឹមត្រូវតាមការណែនាំរបស់ក្រសួងសុខាភិបាល។
ដោយឡែក អាជីរកម្មលក់ដូរដែលត្រូវបានអនុញ្ញាតនោះរួមមាន ការលក់ដូរគ្រឿងឧបភោគ បរិភោគ (បន្លែ ផ្លែឈើ ត្រី សាច់ គ្រឿងទេស គ្រាប់ធញ្ញជាតិ អង្ករជាដើម និងអាជីវករលក់អាហារឆ្អិនស្រាប់ (គុយទាវ បាយឆា មីឆា បបរ នំបញ្ចុក បាញ់ស៊ុង និងបង្អែកគ្រប់មុខ) និងលក់ភេសជ្ជៈ ប៉ុន្ដែត្រូវផ្អាកបណ្ដោះអាសន្នរយៈពេល៣ថ្ងៃ (ថ្ងៃទី១៦ ១៧ និងថ្ងៃទី១៨) ដើម្បីបាញ់ថ្នាំសម្លាប់មេរោគ និងលាងសម្អាតអនាម័យនៅក្នុងផ្សារទាំងមូល។
ក្នុងសេចក្ដីសម្រេចនោះបានបន្ថែមទៀតថា ពេលអាជីវករលក់ដូរគ្រឿងឧបភោគ បរិភោគមានលិខិតបញ្ជាក់ អវិជ្ជមានជំងឺកូវីដ១៩ (លើកទី១) ពីមន្ទីរសុខាភិបាលខេត្ត អាចអនុញ្ញាតឲ្យចូលក់ដូរវិញបាន ហើយការលក់អាហារឆ្អិនស្រាប់ និងភេសជ្ជអាចអនុញ្ញាតឲ្យលក់ដូរបាន ប៉ុន្ដែត្រូវវេចខ្ចប់ជូនអតិថិជន។
សូមជម្រាបជូនថា គិតត្រឹមរសៀលថ្ងៃទី១៦ ខែមសា ឆ្នាំ២០២១នេះ អាជីវករផ្សារលើ ត្រូវបានរកឃើញថា ឆ្លងជំងឺកូវីដ១៩ ចំនួន១៣នាក់រួចមកហើយ។
ជាមួយគ្នានេះ រដ្ឋបាលខេត្ត នឹងចាត់មន្ទីរពាណិជ្ជកម្មឲ្យអង្កេត តាមដាន នូវតម្លៃទំនិញគ្រប់ប្រភេទដែលបានដាក់លក់ លើទីផ្សារ ក្នុងខេត្តព្រះសីហនុ។ ក្នុងករណីរកឃើញថា មានអាជីវករណាធ្វើការតម្លើងថ្លៃទំនិញ ខុសប្រក្រតី រដ្ឋបាលខេត្តនឹងចាត់វិធានការដាក់ពិន័យរដ្ឋបាលយ៉ាងតឹងរឹងបំផុត ហើយបើការតម្លើងថ្លៃនេះ បង្កចលាចលក្នុងសង្គម អាជីវករនោះនឹងប្រឈមមុខផ្លូវច្បាប់ដោយមិនលើកលែងឡើយ៕