(ម៉ានីល)៖ អាជ្ញាធរហ្វីលីពីន បានសម្រេចចាប់ឃាត់ នាវាដឹកទំនេញមួយគ្រឿងរបស់ប្រទេសកូរ៉េខាងជើង នៅកំពង់ផែ ស៊ូប៊ិច (Subic) នៃខេត្ត ហ្សាមបាលស៍ (Zambales) ភាគខាងជើងប្រទេស តបទៅនឹង ដំណោះស្រាយរបស់ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ (UNSC) ប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នេះបើតាមការផ្សាយពីទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរ នៅថ្ងៃសៅរ៍ ទី០៥ ខែមីនា ឆ្នាំ២០១៦។
ចំពោះដំណោះស្រាយលេខ 2270 របស់ក្រុមប្រឹក្សាសន្តិសុខ ប្រទេសហ្វីលីពីន បានអះអាងថាខ្លួនមានសិទ្ធិនៅក្នុង ការឃាត់ទុករាល់នាវាដឹកទំនេញកូរ៉េខាងជើង ដែលក្នុងនោះរួមមានទាំងនាវាឈ្មោះ ហ្ស៊ីន តេង (Jin Teng) ផងដែរ ព្រោះ នាវានេះស្ថិតនៅក្នុង បញ្ជីរាយនាមនៃទ្រព្យសម្ព័ន្ធកូរ៉េខាងជើង ដែលត្រូវបានអន្តរជាតិសម្រេចបង្កកទុក។
ក្រៅពីការឃាត់នាវាខាងលើនេះ កាពីទែន និង អ្នកបម្រើការងារនៅលើនាវាទាំងអស់សរុបចំនួន ២១នាក់ ក៏នឹងត្រូវគេនិរទេស ត្រឡប់ទៅកូរ៉េខាងជើងវិញផងដែរ។ នេះជាការអនុវត្តន៍ទណ្ឌកម្មដំបូងគេ របស់ប្រទេស ហ្វីលីពីន ទៅលើកូរ៉េខាងជើង បន្ទាប់ពីទណ្ឌកម្មធ្ងន់ធ្ងររបស់អន្តរជាតិ បានចេញជាផ្លូវការ ឆ្លើយតបនឹង កម្មវិធីនុយក្លេអ៊ែរ ឬ អាវុធប្រល័យលោករបស់របបដឹកនាំទីក្រុង កាលពីថ្ងៃពុធ កន្លងទៅនេះ៕