(បាត់ដំបង)៖ នាយឧត្តមសេនីយ៍ សួស អង្គារ៍ សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំអូរ តាគី និង ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្ត បាត់ដំបង នារសៀលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៦ នេះ បាននាំថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចំនួន១១លាន៦សែនរៀល យកទៅចែកជូនស្រ្តីសម្រាលកូន និងក្រុមគ្រួសារអ្នកទទួលមរណភាពប្រមាណ៥៨នាក់នៅក្នុងឃុំតាម៉ឺន និងឃុំអូរតាគីស្រុកថ្ម គោល ខេត្តបាត់ដំបង ។
ក្នុងឱកាសនាំថវិកាជូនស្រ្តីឆ្លងទន្លេ និងក្រុមគ្រួសារអ្នកមរណភាពនេះ នាយឧត្តមសេនីយ៍ សួស អង្គារ៍ បាននាំយកប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និង សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះជួយខេត្ត និង ជាតំណាងរាស្រ្តមណ្ឌលបាត់ដំបង ទៅជម្រាបជូនប្រជាពលរដ្ឋថា មានគណបក្សប្រជាជនកម្ពុជាទេ ដែលបាននាំមកនូវសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រជាតិ។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានលើកឡើងថា ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន ក៏ដូចសម្តេចក្រឡាហោម ស ខេង តែងតែយកចិត្តទុក្ខដាក់គិតគូរពីសុខទុក្ខ និង ស្ថានភាពជីវភាពរស់នៅរបស់បងប្អូនជានិច្ចរហូតមក។ «នេះជាវប្បធម៌ចែករំលែក ដ៏ល្អ មួយរបស់គណបក្ស គឺនៅទីណាមានទុក្ខ គឺតែងមានមុខក្រុមការងារគណបក្សចាំជួយប្រជាពលរដ្ឋនៅតាមមូលដ្ឋានយើងជានិច្ច»។
នាយឧត្តមសេនីយ៍ សួស អង្គារ៍ បានផ្តាំផ្ញើដល់មាតាទាំងអស់ដែលទើបសម្រាលកូន ត្រូវមើលថែកូនឲ្យមានសុខភាពល្អ មានអនាម័យក្នុងការរស់ នៅ និងត្រូវនាំកូនទៅចាក់ថ្នាំវ៉ាក់សាំងការពារឲ្យបានទៀងទាត់ តាមពេទ្យណែនាំ។
ស្ត្រីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ដែលទទួលបានថវិកាពីមូលនិធិសម្តេចក្រឡាហោម ស ខេង តាមរយៈលោក បានគោរពថ្លែងអំណរ គុណដល់ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងមូលដ្ឋាន បានលះបង់ពេលវេលា ព្រមទាំង ថវិកា និង សម្ភារៈចែកជូន ពួកគាត់ដោយមិន ប្រកាន់និន្នាការបក្សនយោបាយណាឡើយ។
លោកបានបញ្ជាក់ផងដែរថា ថវិកាមូលនិធិសម្តេចក្រឡាហោម ស ខេង បានចែកជូនដល់ស្រ្តីសម្រាលកូន និងក្រុមគ្រួសារជនមរណភាព ក្នុងម្នាក់ៗ ទទួលបាន ២០ម៉ឺនរៀល។
ដោយឡែកសម្រាប់ស្ត្រីសម្រាលកូនទាំង២ឃុំចំនួន ៥៨ នាក់ ម្នាក់ៗទទួលបានឃីតមួយកញ្ចប់បន្ថែម ដែលជារបស់ប្រើប្រាស់មាន៦មុខសម្រាប់ កូនង៉ាប្រើប្រាស់ផងដែរ៕