(ភ្នំពេញ)៖ លោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានផ្ញើសារមួយចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
តាមរយៈសារលិខិតរំលែកទុក្ខ ដែលបានបង្ហោះនៅលើទំព័រហ្វេសបុកផ្លូវការរបស់លោក កាលពីម្សិលមិញ លោកឧបនាយករដ្ឋមន្រ្តី បានលើកឡើងថា «យើងខ្ញុំទាំងអស់គ្នាជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ មានក្តីរន្ធត់ចិត្តយ៉ាងខ្លាំង ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ ដែលត្រូវ ជាឪពុក ជីតាបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ»។
លោកឧបនាយករដ្ឋមន្រ្តី បានចាត់ទុកថា មរណភាព របស់លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់នូវធនធានមនុស្សដ៏ឆ្នើមមួយរូបក្នុងវិស័យព័ត៌មាន សិល្បៈ វប្បធម៌ ក្នុងឋានៈ លោកជារដ្ឋលេខាធិការក្រសួងព័ត៌មាន កវីនិពន្ធ និងជាផលិតករភាពយន្តដ៏មាន ទេពកោសល្យ និងប៉ិនប្រសព្វ។
លោកបន្ថែមថា «ក្នុងឱកាសប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែក នូវមរណទុក្ខជាមួយក្រុមគ្រួសារ ដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងសុំឱ្យដួង វិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ម៉ៅ អាយុទ្ធ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមក្រុមគ្រួសារនៃសព ទទួលនូវការរំលែកទុក្ខដ៏ក្រៀមក្រំបំផុតពីយើងខ្ញុំទាំងអស់គ្នា»។
សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕