(ភ្នំពេញ)៖ បើគិតត្រឹមថ្ងៃសៅរ៏នេះមានរយៈពេល៦ថ្ងៃមកហើយ ដែលខ្សែអាត់សំឡេងរឿងអាស្រូវផ្លូវភេទជាមួយស្រីក្មេងៗក្រៅផ្ទះរបស់លោក កឹម សុខា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម និងជាប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ត្រូវបានគេទម្លាយចេញជាសាធារណៈ តាមរយៈការបង្ហោះនៅលើបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក ដោយម្ចាស់គណនីចំនួន២ គឺទី១៖ ឈ្មោះស្រីមុំ និងទី២ឈ្មោះ «រឿងពិត CNRP» បានធ្វើឲ្យព័ត៏មានរឿងអាស្រូវផ្លូវភេទ ខាងលើនេះមានភាពរំជើបរំជួលយ៉ាង ខ្លាំងទាំងនៅក្នុងចំណោមមហាជនក៏ដូចជា អ្នកនយោបាយនានា រហូតដល់អ្នកព័ត៌មានក្រុមអ្នកនយោបាយ និងសង្គមស៊ីវិលនាំគ្នាយកទៅវិភាគទាំងនៅតាមហាងកាហ្វេ ហាងផឹកស៊ីតាំងពីហាង លំដាប់ផ្កាយ រហូតដល់ហាងនៅតាមចិញ្ចើមផ្លូវ សូម្បីតែក្មេងៗឈរលក់ផ្កានៅតាមភ្លើងស្តុបក៏ចង់ដឹងរឿងនេះដែរ។
ប៉ុន្មានថ្ងៃនេះនៅតាមហ្វេសប៊ុកម្ចាស់អាខោនភាគច្រើន គេគិតតែពីនាំគ្នាបង្ហោះរឿងអាស្រូវរបស់លោកកឹមសុខា។ ក្រៅតែពីនាំគ្នាបង្ហោះ នូវសារសំលេងដែលគេអះអាងថា ជាសំលេងរបស់លោកកឹម សុខា និយាយជាមួយស្រីស្នេហ៍នោះ អ្នកខ្លះក៏លើកជាសំនួរថា តើសំឡេងនឹងជាសំលេងលោក កឹម សុខា មែនឬអត់? អ្នកខ្លះថាជាសំលេងពិតហើយ.! អ្នកខ្លះទៀតថា បើមិនពិតទេ ច្បាស់ជាគាត់ប្រតិកម្មឆ្លើយបំភ្លឺ ឬចេញសេចក្ដីថ្លែងការណ៍បដិសេធបាត់ទៅហើយ ឬក៏ឈានទៅដល់ការ ប្ដឹងផ្ដល់អ្នកកែឆ្នៃបញ្ចេញសំលេងគាត់ទៀតផង។
ភាពល្បីល្បាញនៃរឿងអាស្រូវផ្លូវភេទរបស់លោក កឹម សុខា ជាមួយស្រីក្មេងក្រៅផ្ទះ ដោយពេលខ្លះគេស្ដាប់ឮ មានប្រើសំដីអាសអាភាស ប្រើសំដីខ្វះសីលធម៍ទៀតនោះ កុំថាឡើយតែល្បីខ្ទរខ្ទានៅតាមហ្វេសប៊ុក សូម្បីតែ Fresh News ដែលផ្សាយបន្តបន្ទាប់រឿងនេះពីហ្វេសប៊ុក ក៏មានអ្នកចូលមើលច្រើនផងដែរ ដែលតាមតួលេខចុងក្រោយគឺមានអ្នកប្រើប្រាស់បានកើនឡើងរហូតដល់ច្រើនជាងកន្លះលាននាក់ឯណោះ។
ម្សិលមិញ ពេលនាយខ្វែកចេញពីធ្វើការបើកឡានឈប់ចាំស្តុប BKC ក្មេងអ្នកលក់ផ្កាម្លិះម្នាក់ ក្រៅពីហៅឲ្យជួយទិញផ្កាមួយភួងដាក់ឡាន វានៅឆ្លៀតស្រែកសួរថា ពូខ្វែករឿងសេ្នហាអុំខា ជាមួយស្រីក្មេងពិត ឬមិនពិតទៀតផង.!៕