(ភ្នំពេញ)៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ក្នុងលិខិតរំលែកទុក្ខ ផ្ញើទៅលោកស្រី សូ សាម៉ូនី ម៉ៅអាយុទ្ធ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន លោក ខៀវ កាញារីទ្ធ បានលើកឡើងថា «ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការនៃព័ត៌មាន និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្តុកក្តួលក្រៀមក្រំក្នុងចិត្តឥតឧបមា ដោយបានទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ ត្រូវជាស្វាមីលោកស្រី បានទទួលមរណភាព នៅថ្ងៃព្រហស្បតិ៍ ០៤ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៦៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ ក្នុងជន្មាយុ ៧៧ ឆ្នាំ ដោយរោគាពាធ (ជំងឺកូវីដ-១៩) នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត»

លោកចាត់ទុកថា មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូប ដែលជាស្វាមី ជាឪពុកប្រកបដោយព្រហ្មវិហារធម៌ ចំពោះបុត្រា បុត្រី និងជាជីតា ប្រកបដោយក្តី សណ្តោសប្រោសប្រណីចំពោះចៅប្រុស ចៅស្រីជាទីស្រលាញ់ និងជាមន្ត្រីគំរូដែលជានិច្ចកាលតែងបានលះបង់ខ្ពស់ទាំងកម្លាំងកាយចិត្ត និងបញ្ញា ស្មារតី ចូលរួមយ៉ាងសកម្មក្នុងការបម្រើលើវិស័យសារព័ត៌មាន សិល្បៈ ដែលជាផ្នែកមួយដ៏សំខាន់ក្នុងការរួមចំណែកកសាង និងអភិវឌ្ឍប្រទេសជាតិ ឲ្យបានរីកចំរើនរហូតដល់បច្ចុប្បន្ននេះ។

លោកបានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសព លោក ម៉ៅ អាយុទ្ធ ឆាប់បានយោនយកកំណើតកើតក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕