(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានផ្ញើសារចូលរួមរំលែកទុក្ខ ចំពោះមរណភាពរបស់ លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន ដែលបានបាត់បង់ជីវិតដោយសារជំងឺកូវីដ១៩ កាលពីល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។
តាមរយៈលិខិតរំលែកទុក្ខនេះ លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបញ្ជាក់ថា «ខ្ញុំ និងក្រុមគ្រួសារ មានក្តីក្តុកក្តួលរំជួលចិត្តឥតឧបមា ដោយទទួលដំណឹងថា ឯកឧត្តម ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការ ក្រសួងព័ត៌មាន បានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៤កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ ២០២១ វេលាម៉ោងប្រមាណ ០៦:០០ ល្ងាច ក្នុងជន្មាយុ៧៧ឆ្នាំ ដោយរោគាពាធ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ- សូវៀត»។
លោកស្រី បានចាត់ទុកថា មរណភាពរបស់ លោក ម៉ៅ អាយុទ្ធ គឺជាការបាត់បង់ស្វាមីប្រកបដោយសង្គហធម៌ ដ៏ឧត្តុង្គឧត្តមចំពោះភរិយា និងឪពុកប្រកបដោយព្រហ្មវិហារធម៌ចំពោះ បុត្រា បុត្រី ហើយគឺការបាត់បង់ជីតាប្រកបដោយក្តីសន្តោសប្រោសប្រណីចំពោះ ចៅប្រុស ចៅស្រីជាទីស្រឡាញ់ ព្រមទាំងចំពោះមិត្តភក្តិ និងសហសេវិក ដែល លោក ម៉ៅ អាយុទ្ធ តែងតែមានសមានចិត្ត ជាមួយដោយមិនរើសអើងចំពោះសិល្បករ សិល្បការិនី គ្រប់ទម្រង់។
ក្នុងឱកាសពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ លោកស្រី ម៉ែន សំអន បានចូលរួមរំលែកមរណទុក្ខជាមួយលោកជំទាវ ព្រមទាំង ក្រុមគ្រួសារ ញាតិមិត្តជិតឆ្ងាយនៃសព ប្រកបដោយអនិច្ចលក្ខណធម៌ដ៏សង្វេគ សោកស្ដាយ ស្រណោះ អាឡោះអាល័យស្ទើរ រកទីបំផុតគ្មាន ហើយសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធ លោក ម៉ៅ អាយុទ្ធ ឆាប់បានយោនយកកំណើត ក្នុងសុគតិភពគ្រប់ៗជាតិកុំបី ឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថា លោក ម៉ៅ អាយុទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាព នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត (ពេទ្យរុស្ស៉ី) នៅវេលាម៉ោងប្រមាណ៦ល្ងាចថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ ដោយសារជំងឺកូវីដ១៩។ នេះបើតាមលោក ផុស សុវណ្ណ អគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News។
លោក ម៉ៅ អាយុទ្ធ ដែលមានអាយុ៧៧ឆ្នាំ រស់នៅភូមិ០៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានបានឆ្លងកូវីដ១៩ ហើយបានចូលសម្រាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១៕