(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដឹកនាំកម្លាំងចុះត្រួតពិនិត្យដោយផ្ទាល់តាមបណ្តាគោលដៅបិទខ្ទប់ធំៗទាំង៩ នៅជាប់ព្រំប្រទល់ជាមួយខេត្តកណ្តាល ដេីម្បីសួរសុខទុក្ខកងកម្លាំង និងត្រួតពិនិត្យមេីលស្ថានភាពជាក់ស្តែង តាមទីតាំងនីមួយៗ។

ប្រតិបត្តិការចុះពិនិត្យនៅតាមគោលដៅបិទខ្ទប់ធំៗទាំង៩ នៅជាប់ព្រំប្រទល់ជាមួយខេត្តកណ្តាលនេះ បានធ្វើឡើងតាំងពីម៉ោង ៨៖០០នាទី រហូតមកដល់ម៉ោង ១១៖០០នាទីយប់ នាយប់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១។

ការចុះពិនិត្យ របស់លោកឧត្តមសេនីយ៍ឯក ស ថេត នាពេលនេះគឺដេីម្បីជាការលេីកទឹកចិត្តដល់មន្ត្រីក្រោមឱវាទ ក៏ដូចជាការទទួលខុសត្រូវខ្ពស់ក្នុងនាមជាប្រធានអង្គភាពមួយរូប និងដោយអនុវត្តតាមបទបញ្ជារបស់ថ្នាក់ដឹកនាំមិនថាពេលថ្ងៃ ឬពេលយប់។

ម្យ៉ាងវិញទៀត ដេីម្បីជាការលេីកទឹកចិត្តដល់មន្ត្រីក្រោមឱវាទទាំងអស់ដែលបានលះបង់ក្នុងការបំពេញភារកិច្ចជូនសង្គមជាតិ ក៏ដូចជាជូនប្រជាពលរដ្ឋ ២៤ម៉ោង លើ២៤ម៉ោង ដោយមិនខ្លាចនឿយហត់ឡេីយ ជាពិសេសគឺដេីម្បីចូលរួមក្នុងការបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩។

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចពិសេសបន្ទាន់មួយ ដោយប្រកាសបិទរាជធានីភ្នំពេញទាំងស្រុង និងក្រុងតាខ្មៅរយៈពេល ១៤ថ្ងៃ ចាប់ពីវេលាម៉ោង ០០៖០០នាទីឈានចូលថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១។ វិធានការបិទរាជធានីភ្នំពេញ និងក្រុងតាខ្មៅនេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ ដែលកំពុងមានការកើនឡើងខ្លាំង។

ដើម្បីអស់មន្ទិលសង្ស័យ និងងាយស្រួលក្នុងការបកស្រាយចម្ងល់ជូនប្រជាពលរដ្ឋ រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសដាក់ប្រើប្រាស់នូវលេខទូរស័ព្ទ Hotline និងលេខ៣ប្រព័ន្ធផ្សេងទៀត ដើម្បីឱ្យប្រជាពលរដ្ឋទំនាក់ទំនងសួរសំណួរបន្ថែម នៅពេលមានចម្ងល់ណាមួយពាក់ព័ន្ធបញ្ហាបិទខ្ទប់ (Lockdown) រាជធានីភ្នំពេញ និងក្រុងតាខ្មៅ។

លេខទូរស័ព្ទដើម្បីប្រជាពលរដ្ឋសាកសួរនូវចម្ងល់ផ្សេងៗរួមមាន៖

*ទី១៖ Hotline 1299
*ទី២៖ 098 379 777
*ទី៣៖ 077 856 966
*ទី៤៖ 099 429 040

ក្រៅពីលេខទូរស័ព្ទខាងលើនេះ ប្រជាពលរដ្ឋក៏អាចឆាតចូលទំព័រ Facebook ផ្លូវការរបស់រដ្ឋបាលរាជធានីភ្នំពេញ និងចូលទៅ Telegram ពន្យល់វិធានការរដ្ឋបាល របស់សាលារាជធានីភ្នំពេញ បានផងដែរ ហើយមន្ដ្រីរបស់រដ្ឋបាលរាជធានីភ្នំពេញ និងធ្វើការឆ្លើយតបភ្លាមៗ៕