(តាកែវ)៖ ទីតាំងដាំកញ្ឆានិងថ្នាលបណ្ដុះកញ្ឆចំនួន១៧៦កន្លែង ដែលក្នុងនោះមានដើមកញ្ឆាមានចំនួនជាង៦ម៉ឺនដើម ស្ថិតនៅក្នុងភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង់ ត្រូវបានកំលាំងនគបាលខេត្តតាកែវ ចុះទៅកាប់បំផ្លាញ ដុតចោលនៅទីតាំងផ្ទាល់តែម្ដង។
លោកវរៈសេនីយ៍ឯក ឡាយ ណារិទ្ធ ស្នងការរងទទួលបន្ទុកប្រឆាំងបទល្មើសសេដ្ឋកិច្ច និងគ្រឿងញៀន ដែលបានដឹកនាំកំលាំងនគបាលចុះទៅកាប់បំផ្លាញចំការកញ្ឆានៅទីតាំងខាងលើ បានថ្លែងឲ្យថា ការចុះមកកាប់បំផ្លាញទីតាំងដាំកញ្ឆានេះ ត្រូវបានធ្វើឡើងបន្ទាប់ពីសមត្ថកិច្ច បានធ្វើការស្រាវជ្រាវរកឃើញទីតាំងខាងលើ ខណៈដែលអភិបាលខេត្តតាកែវលោក ឡាយ វណ្ណៈ និងលោកស្នងការខេត្តបានចេញបញ្ជាភ្លាមៗ អោយចុះបង្រ្កាប និងដុតបំផ្លាញដើមកញ្ឆាទាំងអស់ ចោលនៅនឹងកន្លែងដាំតែម្ដង។
លោកស្នងការរង ឡាយ ណារិទ្ធិ បានមានប្រសាសន៍បន្តថា កញ្ឆទាំងអស់នេះគឺដាំនៅជាប់និងជើងភ្នំបាយ៉ងកោ ហើយជាដីរបស់រដ្ឋដែលគេរុករានព្រៃដាំ។ ហើយនៅក្នុងការចុះទៅបង្រ្កាបកន្លែងដាំកញ្ឆាជាច្រើនទីតាំងនោះសមត្ថកិច្ច មិនបានធ្វើការឃាត់ខ្លួនជនសង្ស័យណាម្នាក់នោះទេ ប៉ុន្តែសមត្ថកិច្ចសង្ស័យថា ចម្កាកញ្ឆាតូចៗទាំងអស់នេះអាចជារបស់អ្នកភូមិ ដែលពួកជនខិលខូចមួយចំនួនបំផុសអោយប្រជាជនដាំហើយពេលប្រមូលផលពួកគេជាអ្នកទិញ ។
បើតាមលោកស្នងការរង ឡាយ ណារិទ្ធិ បានបញ្ជាក់ថា ដាំណាំកញ្ឆាគឺនឹងទទួលផលត្រឹមរយៈពេល៧៥ថ្ងៃក្រោយការបណ្តុះដាំ រីឯតម្លៃកញ្ឆាក្រៀម ត្រូវបានលក់ទៅឲ្យឈ្មួញវៀតណាម ដែលទិញក្នុងតម្លៃក្នុងមួយគីឡូប្រមាណ៣០០ដុល្លាអាមេរិក។ ការដាំកញ្ឆានេះគឺជាអំពើខុសច្បាប់ ដែលប្រជាជនមូលដ្ឋានមួយចំនួនមិនបានយល់ដឹង។ បន្ទាប់ពីចុះទៅបង្រ្កាបទីតាំងដាំកញ្ឆានេះរូចរាល់ហើយ
សមត្ថកិច្ចនិងបើកវេទិការសាធារណៈមួយ នៅក្នុងភូមិខាងលើ ដើម្បីធ្វើការពន្យល់ប្រជាជនជនអោយយល់កាន់តែច្បាស់ ពីការដាំដើមកញ្ឆានេះ ថាខុសច្បាប់របស់រដ្ឋ ហើយវាបង្កផលប៉ះពាល់យ៉ាងដូចម្ដេចខ្លះដល់សង្គមជាតិ នៅពេលដែលគេយកកញ្ឆាទាំងអស់នេះទៅកែឆ្នៃជាគ្រឿងញៀន៕