(កំពត)៖ លោក ជាវ តាយ អភិបាលខេត្តកំពត បានសេចក្ដីជូនដំណឹងឲ្យផ្អាកការលក់គ្រឿងស្រវឹងគ្រប់ប្រភេទរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃតី១៦ ដល់ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១។ នេះបើតាមសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មានផ្លូវការ Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹងនោះ អភិបាលខេត្តកំពត បានធ្វើការណែនាំ៣ចំណុចដូចខាងក្រោម៖
* ទី១៖ ផ្អាកការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀ និងស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ដ្រខេត្តកំពតទាំងមូល ជាបណ្ដោះអាសន្នចាប់ពីថ្ងៃចេញសេចក្ដីជូនដំណឹងនេះតទៅ
* ទី២៖ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន និងផ្សារម៉ាត ព្រមទាំងដេប៉ូចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ស្ថិតក្នុងភូមិសាស្ដ្រខេត្តកំពត ត្រូវផ្អាកជាបណ្ដោះអាសន្ននូវការលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ
* ទី៣៖ គ្រប់ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារ-ភេសជ្ជៈ និងអាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទត្រូវផ្អាករាល់ការបម្រើគ្រឿងស្រវឹងជូនភ្ញៀវជាបណ្ដោះអាសន្ន។
ក្នុងករណីប្រជាពលរដ្ឋអ្នកគ្រប់គ្រងផ្សារ អ្នកគ្រប់គ្រងក្រុមហ៊ុន ម្ចាស់ដេប៉ូចែកចាយ ម្ចាស់ហាង ម្ចាស់តូបលក់ដូរ ក៏ដូចជាម្ចាស់ទីតាំងនានា ពាក់ព័ន្ធការលក់ដូរគ្រឿងស្រវឹង ដូចរៀបរាប់ខាងលើមិនអនុវត្តតាមសេចក្ដីណែនាំនេះ ត្រូវទទួលការអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ជាធរមានដោយគ្មានការលើកលែងឡើយ៕