(សៀមរាប)៖ អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានដឹកនាំកិច្ចប្រជុំមួយនៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ ដើម្បីពិភាក្សារៀបចំផែនការត្រៀមទប់ស្កាត់ការរីករាលដាលដោយសារជំងឺកូវីដ-១៩។ កិច្ចប្រជុំនេះក៏បានផ្តោតសំខាន់លើកាត់បន្ថយហានិភ័យនៃការលក់ដូរតាមទីផ្សារ ការគិតគូរពីការលក់ម្ហូបអាហារតាមប្រព័ន្ធអនឡាញ និងវិធានការផ្គត់ផ្គង់ម្ហូបអាហារ នៅតាមតំបន់ដែលត្រូវបានបិទខ្ទប់ជាដើម។

កិច្ចប្រជុំបានសម្រេចដាក់ផែនការមួយចំនួនរួមមាន៖

ទី១៖ ត្រៀមរៀបចំឱ្យអាជីវករក្នុងផ្សារនានាទូទាំងក្រុង និងខេត្តសៀមរាប ដោយគិតគូរពីសុវត្ថិភាព សណ្តាប់ធ្នាប់របៀបរៀបរយដោយគិតពីគម្លាតសង្គមជាសំខាន់។
ទី២៖ រៀបចំផែនការ និងវិធានការ កាត់បន្ថយការប្រមូលផ្តុំនៅទីផ្សារ ក្នុងករណីតំបន់មួយចំនួន ត្រូវបានបិទខ្ទប់ក្តី ក៏ត្រូវបានគិតគូរលើការផ្គត់ផ្គង់ត្រីសាច់ បន្លែ គ្រឿងទេស ម្ហូបចំណីចាំបាច់នៅតែមានលក់លើទីផ្សារ។
ទី៣៖ ការរៀបចំកម្មវិធីដើម្បីបង្កភាពងាយស្រួលក្នុងការធ្វើទំនាក់ទំនងរវាងអ្នកទិញ និងអ្នកលក់ និងការទិញតាមអនឡាញ ដោយលើកទឹកចិត្តដល់អ្នករ៉ឺម៉កសម្រាប់បម្រើសេវាដឹកជញ្ជូន ជាពិសេសអ្នករ៉ឺម៉កដែលបានចាក់វ៉ាក់សាំងហើយ។

កិច្ចប្រជុំ ក៏បានណែនាំឱ្យបង្កើតទំនាក់ទំនងជាមួយអ្នកលក់បោះដុំ និងអ្នកលក់ចែកចាយបន្ត អ្នកលក់ដូរតូបតាមផ្សារ និងអ្នករ៉ឺម៉ក ឲ្យប្រើប្រាស់ប្រព័ន្ធធនាគារ។ ជំរុញដល់ភ្នាក់ងារទេសចររណ៍ ប្រតិបត្ដិករទេសចរណ៍ អ្នកបម្រើសេវាកម្មពាក់ព័ន្ឋនឹងវិស័យទេសចរណ៍ ឱ្យមកទទួលចាក់វ៉ាក់សាំងឱ្យបានឆាប់និងគ្រប់ៗគ្នាដើម្បីខេត្តសៀមរាបអាចមានលទ្ធភាពទទួលភ្ញៀវទេសចរណ៍អន្តរជាតិនាពេលឆាប់ៗខាងមុខនេះ។

ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តសៀមរាប អំពាវនាវដល់អាជីវករទាំងអស់ មិនត្រូវឆ្លៀតឱកាសតម្លើងថ្លៃរាល់ទំនិញទាំងឡាយ ដើម្បីកេងចំណេញក្នុងអំឡុងពេលកូវីដ-១៩ ពិសេសបិទខ្ចប់ដែលមានហានិភ័យខ្ពស់៕