(កំពង់ធំ)៖ រដ្ឋបាលខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ពាក់ព័ន្ធនឹងការរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ម្នាក់ នៅស្រុកតាំងគោក។
រដ្ឋបាលខេត្តកំពង់ធំ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ខេត្តកំពង់ធំ បានរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើបុរសម្នាក់ ឈ្មោះ ឡេក បញ្ញា អាយុ
២១ឆ្នាំ រស់នៅភូមិក្តីតាចិន ឃុំទ្រៀល ស្រុកតាំងគោក។ បច្ចុប្បន្នបុគ្គលខាងលើនេះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកបារាយណ៍-សន្ទុក។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍នេះ រដ្ឋបាលខេត្តបានចុះធ្វើការស្រាវជ្រាវ និងរកឃើញថា បុរសដែលវិជ្ជមានជំងឺកូវីដ១៩នេះ ជាកម្មករសំណង់នៅអូឌឹម (ភ្នំពេញ) រស់នៅក្នុងបន្ទប់ជួលម្នាក់ឯង។
នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ គាត់បានជិះម៉ូតផ្ទាល់ខ្លួនតែម្នាក់ឯងត្រឡប់មកស្រុកកំណើត ដោយបានចូលទិញថ្នាំនៅម្ដុំផ្សារអូឌឹម និងឈប់ចាក់សាំងនៅចោមចៅ រួចក៏បន្តដំណើររហូតដល់ខេត្តកំពង់ធំ ដោយបានគេចប៉ុស្តិ៍ត្រួតពិនិត្យទៅតាមផ្លូវទឹកឆា (តាមច្រករណ្តៅថ្មី)។ ពេលមកដល់ផ្ទះនៅម៉ោង១០ព្រឹក គាត់មិនបានប្រាស្រ័យទាក់ទងជាមួយអ្នកណាទេ ដោយសារម្តាយគាត់បានជូនដំណឹងទៅមេភូមិ ហើយ ក្រុមការងារសុខាភិបាលក៏បាននាំបុរសនេះ ទៅដាក់នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យទ្រៀលភ្លាមៗ។
គួរបញ្ជាក់ថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានយកសំណាកបុរសរូបនេះ ទៅពិនិត្យនៅវិទ្យាស្ថានជាតិសុខភាពសាធារណៈភ្នំពេញ និងទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១។
អាជ្ញាធរខេត្ត បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយត្រូវចៀសវាងការចេញក្រៅផ្ទះបើមិនចាំបាច់ ឬការប្រមូលផ្តុំជួបជុំផ្សេងៗ ដែលជាកត្តាចំបងនាំឲ្យមានការចម្លងជំងឺកូវីដ១៩ ចូលក្នុងគ្រួសារ និងសហគមន៍៕