(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា ដោយសារភាពចាំបាច់មិនអាចខានបាននោះ សម្តេចនឹងអញ្ជើញទៅចូលរួមកិច្ចប្រជុំអាស៊ាន នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ខាងមុខនេះ។
ជាមួយនឹងការត្រូវអញ្ជើញចូលរួមកិច្ចប្រជុំនៅឥណ្ឌូនេស៊ី សម្តេចត្រូវបំពេញកាតព្វកិច្ចមួយចំនួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ១៩។ បើតាមសម្តេចតេជោ កាតព្វកិច្ចដែលសម្តេចនឹត្រូវធ្វើនោះរួមមាន ការចាក់វ៉ាក់សាំងដូសទី២នៅថ្ងៃទី២០ ខែមេសា ២០២១ ដែលដើមឡើយគ្រោងចាក់នៅថ្ងៃទី២៩ មេសា ២០២១។
បន្ថែមពីលើនោះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១ ត្រូវយកសំណាកពិនិត្យដើម្បីទទួលលិខិតបញ្ជាក់សម្រាប់ឱ្យអាជ្ញាធរសុខាភិបាលឥណ្ឌូណេស៊ី។ ព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ចេញដំណើរទៅហ្សាកាតា។ ពេលទៅដល់ត្រូវយកសំណាកពិនិត្យម្តងទៀត។
សម្តេចតេជោ បានបញ្ជាក់ដែរថា ពេលរសៀលការប្រជុំចាប់ផ្តើម ហើយពេលចប់មិនថាថ្ងៃ ឬយប់ សម្តេចត្រូវត្រឡប់មកវិញ។ ពេលមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ សម្តេចត្រូវយកសំណាកពិនិត្យម្តងទៀត។ មកដល់ផ្ទះត្រូវធ្វើចត្តាឡីស័ក១៤ថ្ងៃជាមួយនឹងការពិនិត្យសំណាក២ ទៅ៣ដងទៀត។
សម្តេចតេជោ បានបន្ថែមថា ដើម្បីធានាសុវត្ថិភាពសម្រាប់ភរិយា កូន និងចៅ សម្តេចត្រូវឱ្យភរិយានាំកូន និងចៅ ទៅសម្រាកនៅទីកន្លែងផ្សេង។ សមាជិកប្រតិភូដែលធ្វើដំណើរជាមួយសម្តេច ត្រូវយកសំណាក និងធ្វើចត្តាឡីស័ក១៤ថ្ងៃដូចគ្នាផងដែរ។
សម្តេចតេជោ បានបញ្ជាក់ក្នុងសំណេរដែលបង្ហោះលើហ្វេសប៊ុកដែរថា មានអ្នកឱ្យយោបល់សម្តេចថា ដោយសារសម្តេចចាក់វ៉ាក់សាំងរួចហើយ ដូច្នេះគួរធ្វើចត្តាឡីស័ក៧ថ្ងៃបានហើយ។ យោបល់នេះត្រូវបានសម្តេចបដិសេធ ហើយសម្តេចតបទៅវិញថា សម្តេចចង់ធ្វើឱ្យប្រាកដថា សម្តេចមិនមានវិជ្ជមានកូវីដ-១៩ នោះទេ ព្រោះសម្តេចត្រូវធ្វើការជាមួយមនុស្សច្រើនគ្នា ពិសេសចៅៗទាំងតូចទាំងធំតែងមកលេងច្របាច់ជើង និងគេងលើគ្រែ ព្រមទាំងរត់លេងក្នុងបន្ទប់របស់ជីតា៕