(ព្រៃវែង)៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្ដីណែនាំ ស្ដីពី ការផ្អាកលក់គ្រឿងស្រវឹងគ្រប់ប្រភេទ និងការផ្អាកការជួបជុំរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី១៥ ខែមេសា ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២១ នៅក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង។
សេចក្ដីជូនដំណឹង បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» និងក្នុងគោលបំណង ការពារអាយុជីវិត របស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និងសណ្តាប់ធ្នាប់សាធារណៈ រដ្ឋបាលខេត្តព្រៃវែង សូមធ្វើការណែនាំ នូវវិធានការចាំបាច់មួយចំនួន ដូចខាងក្រោម៖
១៖ ផ្អាកការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ (ស្រាបៀរ-ស្រាគ្រប់ប្រភេទ) នៅក្នុងភូមិសាស្ត្រ ខេត្តព្រៃវែង។
២៖ គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងការហ្វេ ហាងភេសជ្ជៈ ទីតាំងអាជីវកម្ម ផ្នែកអាហារ-ភេសជ្ជៈ និងដេប៉ូចែកចាយគ្រឿងស្រវឹង នៅក្នុងភូមិសាស្ត្រខេត្ត ត្រូវផ្អាកជាបណ្តោះអាសន្ន នូវការលក់ដូរគ្រឿងស្រវឹងគ្រប់ប្រភេទ។
៣៖ ប្រជាពលរដ្ឋត្រូវនៅតាមផ្ទះរៀងៗខ្លួន ក្នុងគ្រួសារនីមួយៗ។ ចំពោះការជួបជុំប្រមូលផ្តុំគ្នាច្រើន ពីផ្ទះមួយ ទៅផ្ទះមួយ ការពិសារគ្រឿងស្រវឹង និងការចាក់បាសរាំកម្សាន្ត តាមផ្ទះត្រូវហាមឃាត់ជាដាច់ខាត។
៤៖ ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត មន្ទីរ-អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុងស្រុក ឃុំ សង្កាត់ត្រូវធ្វើការណែនាំ ហាមឃាត់ និងទប់ស្កាត់ការជួបជុំ លក់ដូរ និងការពិសារគ្រឿងស្រវឹងគ្រប់ប្រភេទ។
៥៖ គ្រប់ទីតាំងអាហារដ្ឋាន ភោជនីយដ្ឋាន ផ្សារម៉ាត អាជីវករ អ្នកលក់ដូរ ចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋ ដែលមិនអនុវត្តតាម ការណែនាំខាងលើ ត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការច្បាប់ដោយគ្មានការលើកលែងឡើយ៕