(កណ្ដាល)៖ លោក ប៊ុន ផេង អភិបាលស្រុកខ្សាច់កណ្ដាល ខេត្ដកណ្ដាល នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារ នាំយកអំណោយចែកជូន ប្រជាពលរដ្ឋចំនួន១៥គ្រួសារ ដែលជាប់ចត្តាឡីស័ក ពាក់ព័ន្ធដោយប្រយោល ជាមួយអ្នកវិជ្ជមានកូវីដ-១៩។
ក្នុងការនាំយកអំណោយនេះ មានការចូលរួមពី លោក អ៊ុ ចន ប្រធានក្រុមប្រឹក្សាស្រុក, លោក ចាន់ តារា អភិបាលរងស្រុក, លោកនាយក នាយករង មន្ត្រីរាជការ រដ្ឋបាលស្រុក និងកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកតាកូវ និងកម្លាំងប្រជាការពារ។
អំណោយដែលចែកជូន ប្រជាពលរដ្ឋទាំង១៥គ្រួសារ រួមមាន៖ អង្ករ២៥គីឡូ មី១កេះ ត្រីខ១យួ សៀងផ្អែម១យួ ទឹកស៊ីអ៊ីវ ១យួ ម៉ាស១ប្រអប់ ជែល១ដប សាប៊ូលាងដៃ១ដប និងថវិកា១០ម៉ឺនរៀល។
ក្នុងឱកាសនោះ លោក ប៊ុន ផេង ក៏បានណែនាំបន្ថែមថា បើទោះគ្រួសារបងប្អូនទាំងអស់ បានយកសំណាកធ្វើតេស្ត ឃើញអវិជ្ជមានហើយក្ដី ក៏ត្រូវបន្តធ្វើចត្តាឡីស័ក ឲ្យគ្រប់១៤ថ្ងៃ នឹងត្រូវថែទាំសុខភាព កុំចេញក្រៅផ្ទះរបស់ខ្លួន កុំប្រមូលផ្តុំ ពាក់ម៉ាស លាងដៃជាមួយជែល ឬអាកុល ឲ្យបានញឹកញាប់ និងរក្សាគម្លាត។
សូមបញ្ជាក់ថា អំណោយដែលចែកជូន សរុបថវិកា១លាន ៥០ម៉ឺនរៀល អង្ករ៣៧៥គីឡូ មី១៥កេះ ទឹកស៊ីអ៊ីវ១៥យួ ត្រីខ១៥យួ ម៉ាស១៥ប្រអប់ សៀងផ្អែម១៥យួ ជែល១៥ដប និងសាប៊ូលាងដៃ១៥ដប៕