(ប៉ៃលិន)៖ នាយឧត្តមសេនីយ៍ អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តប៉ៃលិន និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១នេះ បានចុះត្រួតពិនិត្យតាមគោលដៅ ក្នុងព្រំប្រទល់ជាប់ខេត្តបាត់ដំបង តាមសេចក្ដីសម្រេចលេខ ៤៤ ស.ស.រ របស់រាជរដ្ឋាភិបាល ស្ដីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋាន ទេសចរណ៍ទូទាំងប្រទេសជាបណ្ដោះ អាសន្នដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ រយៈពេល១៤ថ្ងៃ។

ការចុះត្រួតពិនិត្យនេះ ដើម្បីពង្រឹងការអនុវត្ត បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលស្តីពី ការបិទការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ជាបណ្តោះអាសន្ន រយៈពេល១៤ថ្ងៃ ចាប់ពីម៉ោងសូន្យចូលថ្ងៃទី៧ រហូតដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ១៩ ទៅដល់សហគមន៍ទ្រង់ទ្រាយធំ។

ជាមួយគ្នានេះ លោកស្រី បាន ស្រីមុំ បានលើកឡើងថា បន្ទាប់ពីទទួលបានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តប៉ៃលិន បានប្រជុំដាក់ផែនការណែនាំភ្លាមៗ ក្នុងគោលបំណងដើម្បីប្រយុទ្ធ និងទប់ស្កាត់ការ ឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពីភូមិសាស្រ្តនៃខេត្តមួយ ទៅភូមិសាស្ត្រ នៃខេត្តមួយទៀត និងធ្វើការប្រជុំដាក់ផែនការជាបន្តបន្ទាប់ ដើម្បីអនុវត្តសេចក្តីសម្រេចនេះប្រកប ដោយប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

ចំពោះការបិទចរាចរណ៍នេះ គឺត្រូវបានអនុគ្រោះលើការធ្វើចរាចរណ៍ ចំពោះរថយន្តដឹកទំនិញ រថយន្តសង្គ្រោះបន្ទាន់ រថយន្តពន្លត់អគ្គីភ័យ រថយន្តមន្ត្រីរាជការសាធារណៈ ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិដែលចុះបំពេញបេសកកម្ម ឬមានលិខិតបញ្ជាក់ពីប្រធានអង្គភាព ឬរថយន្ត អ្នកជំងឺដែលមានលិខិតបញ្ជាក់ពីមន្ទីរពេទ្យ។

អភិបាលខេត្តប៉ៃលិន បានបន្ថែមទៀតថា សព្វថ្ងៃនេះព្រឹត្តិការណ៍ «សហគមន៍ ២០កុម្ភៈ» នៃការឆ្លងជំងឺកូវីដ-១៩ ចូលទៅក្នុងសហគមន៍ នៅមិនទាន់មានការធូរស្រាលនៅឡើយទេ ហើយថ្មីៗនេះនៅក្នុងភ្នំពេញ មានការឆ្លងរីករាល ដាលកាន់តែច្រើនឡើងថែមទៀត៕